លោក ត្រាំ សារភាពត្រង់ៗថា អាមេរិក ពិតជាចង់គ្រប់គ្រងលើប្រេងរបស់អ៊ីរ៉ង់មែន

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថាការយកប្រេងពីអ៊ីរ៉ង់ គឺជាអ្វីដែលលោកចង់បានបំផុត ដោយបន្ថែមទៀតថាសហរដ្ឋអាមេរិកអាចដណ្តើមយកដែនកោះ Kharg ដ៏សំខាន់បានយ៉ាងងាយស្រួល។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ត្រាំ បាននិយាយនៅក្នុងការសម្ភាសមួយកាលពីថ្ងៃទី២៩ ខែមីនាថា៖​” និយាយឲ្យត្រង់ទៅ ជម្រើសដែលខ្ញុំចូលចិត្តគឺការយកប្រេងពីអ៊ីរ៉ង់។ ប៉ុន្តែមានមនុស្សល្ងង់មួយចំនួននៅអាមេរិកបាននិយាយថាហេតុបានត្រូវធ្វើអញ្ចឹង? ពួកគេពិតជាល្ងង់ណាស់”។

មិនតែប៉ុណ្ណោះ នៅពេលត្រូវបានអ្នកសារព័ត៌មានសួរនាំទៀតថា តើសហរដ្ឋអាមេរិកមានគោណបំណងគ្រប់គ្រងការផ្គត់ផ្គង់ប្រេងរបស់អ៊ីរ៉ង់ដែរឬទេ លោក ត្រាំ បានបញ្ជាក់វិញថាជាបញ្ហាមួយដែលទីក្រុងវ៉ាស៊ីនតោនកំពុងតែពិចារណាហើយ។

យ៉ាងណាមិញ​ លោក ត្រាំ បានអះអាងថាសហរដ្ឋអាមេរិក យកប្រេងអ៊ីរ៉ង់ គឺស្រដៀងគ្នាទៅនឹងករណីរបស់ប្រទេសវេណេស៊ុយអេឡាដែរ។ កន្លងមកមន្ត្រីអាមេរិក បានប្រកាសពីចេតនារបស់ពួកគេក្នុងការគ្រប់គ្រងឧស្សាហកម្មប្រេង និងឧស្ម័នរបស់ប្រទេសវេណេស៊ុយអេឡា ដោយគ្មានកំណត់ បន្ទាប់ពីការវាយឆ្មក់ដែលបានចាប់ខ្លួនប្រធានាធិបតី Nicolas Maduro នៅថ្ងៃទី៣ ខែមករាមក។

ជម្រាបជូនផងដែរថា ដើម្បីអាចគ្រប់គ្រងការផ្គត់ផ្គង់ប្រេងរបស់អ៊ីរ៉ង់បាន សហរដ្ឋអាមេរិកទំនងជាត្រូវវាយដណ្តើមយកកោះ Kharg ក្នុងឈូងសមុទ្រពែរ្ស ដែលត្រូវបានចាត់ទុកថាជាច្រកទ្វារសម្រាប់ការនាំចេញប្រេង និងឧស្ម័នរបស់តំបន់។ កោះនេះ ដែលមានផ្ទៃដី ២០ គីឡូម៉ែត្រការ៉េ មានទីតាំងស្ថិតនៅចម្ងាយប្រហែល ២៥ គីឡូម៉ែត្រពីឆ្នេរសមុទ្រអ៊ីរ៉ង់ និងជាង ៤៨០ គីឡូម៉ែត្រពីច្រកសមុទ្រ Hormuz៕​