រដ្ឋាភិបាលឥណ្ឌូណេស៊ី នៅថ្ងៃ៣០ ខែមីនានេះ បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការវាយប្រហារដែលបណ្តាលឱ្យកងរក្សាសន្តិភាពជនជាតិឥណ្ឌូណេស៊ីម្នាក់ នៃបេសកកម្មអង្គការសហប្រជាជាតិនៅលីបង់ (UNIFIL) បាត់បង់ជីវិត បន្ទាប់ពីមានការផ្ទុះគ្រាប់ផ្លោងនៅក្បែរភូមិ Adchit al-Qusayr ភាគខាងត្បូងប្រទេសលីបង់ កាលពីថ្ងៃអាទិត្យ។ នេះបើតាមការចេញផ្សាយរបស់កាសែតThe Star។

ក្រសួងការបរទេសឥណ្ឌូណេស៊ីបានបញ្ជាក់ថា ការបង្កគ្រោះថ្នាក់ដល់កងរក្សាសន្តិភាពអង្គការសហប្រជាជាតិ គឺជាទង្វើដែលមិនអាចទទួលយកបានឡើយ ហើយបានអំពាវនាវឱ្យគ្រប់ភាគីជម្លោះគោរពអធិបតេយ្យភាពរបស់លីបង់ និងធានាសុវត្ថិភាពដល់បុគ្គលិកអន្តរជាតិ។
ព្រឹត្តិការណ៍ដ៏សោកសៅនេះបានកើតឡើងចំពេលដែលភាពតានតឹងរវាងកងទ័ពអ៊ីស្រាអែល និងក្រុមហេសបូឡា (Hezbollah) កំពុងផ្ទុះឡើងយ៉ាងខ្លាំងនៅតាមបណ្តោយព្រំដែន ដែលធ្វើឱ្យកងកម្លាំង UNIFIL តែងតែរងគ្រោះថ្នាក់ដោយប្រយោលពីការបាញ់ប្លោងដាក់គ្នាទៅវិញទៅមក។
គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេដែលកងរក្សាសន្តិភាពរងគ្រោះ ជាក់ស្តែងកាលពីដើមខែមីនា កងទ័ពហ្គាណា (Ghana) ពីររូបក៏បានរងរបួសធ្ងន់ដោយសារការបាញ់រថក្រោះរបស់អ៊ីស្រាអែលផងដែរ។ ខណៈដែលសង្គ្រាមនៅមជ្ឈិមបូព៌ាកាន់តែរីករាលដាល បេសកកម្មរក្សាសន្តិភាពនេះត្រូវបានគេរំពឹងថានឹងត្រូវបញ្ចប់នៅដាច់ឆ្នាំ២០២៦ ខាងមុខនេះ៕


