ក្រោមការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ថ្នាក់ដឹកនាំប្រទេសកម្ពុជា-ឡាវ ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការនឹងកាន់តែរឹងមាំ រីកចម្រើន ហើយឈានទៅសម្រេចបានទំហំពាណិជ្ជកម្ម ៧០០ លានដុល្លារ នៅឆ្នាំ២០៣០។ នេះបើយោងតាមជំនួបពិភាក្សារវាងសម្តេចឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ជាមួយលោក វៀងថាវិសុន ទេពផាច័ន្ទ (Viengthavisone Thephachanh) អគ្គសវនករ នៃអាជ្ញាធរសវនកម្មជាតិ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ កាលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានលើកឡើងថា ថ្នាក់ដឹកនាំប្រទេសទាំងពីរ បានឯកភាពគ្នាក្នុងការកសាងខ្សែបន្ទាត់ព្រំដែននៃប្រទេសទាំងពីរ ដែលសម្រេចបានស្ទើរតែទាំងស្រុង ហើយនោះជាបន្ទាត់ព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ដើម្បីជាមរតកសម្រាប់កូនចៅជំនាន់ក្រោយជារៀងរហូត។ សម្តេចមានជំនឿមុតមាំថា ក្រោមការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ថ្នាក់ដឹកនាំប្រទេសទាំងពីរ ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការនឹងកាន់តែរឹងមាំ រីកចម្រើន ឈានទៅសម្រេចបានទំហំពាណិជ្ជកម្ម ៧០០ លានដុល្លារ នៅឆ្នាំ២០៣០។
ជាមួយគ្នានេះ លោកប្រធានគណៈប្រតិភូ បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះវឌ្ឍភាព និងការីកចម្រើនរបស់កម្ពុជា លើគ្រប់វិស័យយ៉ាងឆាប់រហ័ស ក្នុងនោះរួមមាន អាកាសយានដ្ឋានអន្តរជាតិតេជោ ហេដ្ឋារចនាសម្ព័ន្ធសង្គម សំណង់អគាររដ្ឋ និងឯកជន ហើយនៅចុងខែមេសានេះ កម្ពុជានឹងសម្ពោធដំណាក់កាលទី២ នៃការសាងសង់ព្រែកជីកហ្វូណនតេជោ ដែលជាមធ្យោបាយដឹកជញ្ជូនដ៏មានសក្តានុពលបន្ថែមទៀតរបស់កម្ពុជា។
លោក ក៏បានជម្រាប អំពីលទ្ធផលនៃជំនួបពិភាក្សាការងាររវាងគណៈប្រតិភូ និងអាជ្ញាធរសវនកម្មកម្ពុជា ដែលក្នុងនោះ ស្ថាប័នសំខាន់នៃប្រទេសទាំងពីរ បានចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ព្រមទាំងបានប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែស្អិតល្មួតបន្ថែមទៀតផងដែរ៕ អត្ថបទ៖ហ្សាលីន


