បិតាវិនិយោគ Warren Buffett ថាមិនដែលនិយាយជាមួយ Bill Gates ទៀតទេ តាំងពីផ្ទុះរឿងអាស្រូវ Epstein មក

អន្តរជាតិ

ស្ថាបនិកក្រុមហ៊ុន Berkshire Hathaway និងស្គាល់ថាជាបិតាវិនិយោគ លោក Warren Buffett បាននិយាយថា លោកមិនដែលនិយាយជាមួយស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates ទៀតនោះឡើយ ចាប់តាំងពីផ្ទុះរឿងអាស្រូវ Jeffrey Epstein មក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Buffett បាននិយាយនៅក្នុងបទសម្ភាសមួយថា ៖”ខ្ញុំមិនចង់ស្ថិតក្នុងស្ថានភាពដែលខ្ញុំដឹងអ្វីមួយ ហើយត្រូវតែចាត់ទុកថាជាសាក្សីនោះទេ”។ ការនិយាយរបស់លោក Buffett បែបនេះ គឺចង់សំដៅទៅលើទំនាក់ទំនងរវាងលោក Bill Gates និងមហាសេដ្ឋី Jeffrey Epstein ដែលត្រូវបានជាប់ចោទជាអ្នករំលោភបំពានលើកុមារជាច្រើន។

គួរឲ្យដឹងថាលោក Bill Gates បានជួបលោក Epstein ក្នុងឆ្នាំ២០១១ ពោលគឺបីឆ្នាំបន្ទាប់ពីលោក Epstein បានសារភាពកំហុសនៅក្នុងតុលាការរដ្ឋ Florida ពីបទរំលោភបំពានលើអនីតិជន។ អ៊ីមែល និងរូបភាពដែលបញ្ជាក់ពីទំនាក់ទំនងរវាងមហាសេដ្ឋីទាំងពីរ ត្រូវបានរួមបញ្ចូលនៅក្នុងឯកសារដែលចេញផ្សាយដោយក្រសួងយុត្តិធម៌ និងសភាសហរដ្ឋអាមេរិក ដែលបានចាប់ផ្តើមបើកការស៊ើបអង្កេត នៅចុងឆ្នាំ២០២៥ មក។

មិនតែប៉ុណ្ណោះ នៅក្នុងឯកសារទាំងនេះ ក៏មានព័ត៌មានអំពីការចូលរួមពាក់ព័ន្ធរបស់អ្នកនយោបាយលេចធ្លោមួយចំនួន សមាជិកនៃខ្សែរាជវង្ស និងអ្នកជំនួញដែលមានទ្រព្យសម្បត្តិច្រើន ផ្សេងទៀតផងដែរ។ លោក Epstein ត្រូវបានចាប់ខ្លួន និងធ្វើអត្តឃាតនៅក្នុងពន្ធនាគារក្នុងឆ្នាំ២០១៩ ខណៈពេលកំពុងរង់ចាំការកាត់ក្តីពីបទជួញដូរផ្លូវភេទ និងការរំលោភបំពានផ្លូវភេទលើកុមារ៕​