ក្រសួងទេសចរណ៍កម្ពុជា និងក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd.) បានឯកភាពលើការបង្កើតក្រុមការងារចម្រុះពីក្រសួង និងក្រុមហ៊ុន ដើម្បីត្រួតពិនិត្យវឌ្ឍនភាពលើគម្រោងវិនិយោគ និងការរាយការណ៍ពីស្ថានភាពភ្ញៀវទេសចរ និងអ្នកដំណើរតាមអាកាសយានដ្ឋានអន្តរជាតិសៀមរាបជាប្រចាំ។

ការឯកភាពនេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពជាប្រចាំលើការអនុវត្តគម្រោងវិនិយោគទេសចរណ៍ដ៏ធំទំនើប និងច្នៃប្រឌិតនៅខេត្តសៀមរាបរបស់ក្រុមហ៊ុនខាងលើ ក្រោមអធិបតីភាណលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាមួយលោក Lu Wei ប្រធានក្រុមប្រឹក្សាភិបាល និងជាតំណាងក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd.) កាលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦។
កិច្ចប្រជុំនេះ ភាគីទាំងពីរបានរាយការណ៍ពីវឌ្ឍនភាពការងារលើការអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗ បន្ថែមទៀត ដើម្បីបង្កើនភាពទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ នាទីស្តីការក្រសួងទេសចរណ៍។

ក្នុងឱកាសនោះដែរ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានវាយតម្លៃខ្ពស់ដល់លោកប្រធាន និងក្រុមហ៊ុនដែលជា ក្រុមហ៊ុនរដ្ឋចិនដ៏ធំដែលបានជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបណ្តាក់ទុនវិនិយោគលើអាកាសយានដ្ឋានអន្តរជាតិសៀមរាប ការអភិវឌ្ឍតំបន់ជុំវិញអាកាសយានដ្ឋានឱ្យក្លាយជាតំបន់វប្បធម៌ ទេសចរណ៍ និងពាណិជ្ជកម្មចំរុះ ក៏ដូចជាការអភិវឌ្ឍន៍ផលិតផលទេសចរណ៍ដែលមានតម្លៃបន្ថែមថ្មីៗ ប្រកបដោយការច្នៃប្រឌិត បំពាក់ដោយបច្ចេកវិទ្យាខ្ពស់ចុងក្រោយ និងដំបូងគេបង្អស់នៅប្រទេសកម្ពុជា។

សូមជម្រាបដែរថា តាមរយៈជំនួបខាងលើ លោករដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោកប្រធានក្រុមហ៊ុនចិន បានឯកភាពលើការបង្កើតក្រុមការងារចម្រុះពីក្រសួង និងក្រុមហ៊ុន ដើម្បីត្រួតពិនិត្យវឌ្ឍនភាពលើគម្រោងវិនិយោគ និងការរាយការណ៍ពីស្ថានភាពភ្ញៀវទេសចរ និងអ្នកដំណើរតាមអាកាសយានដ្ឋានអន្តរជាតិសៀមរាបជាប្រចាំ ដើម្បីជំរុញវឌ្ឍនភាពនៃគម្រោងវិនិយោគឱ្យដំណើរការរលូន និងបានឆាប់រហ័ស ព្រមទាំងការជំរុញកំណើនឱ្យកាន់តែច្រើនឡើងបន្ថែមទៀត និងអាចដោះស្រាយរាល់សំណូមពរនានារបស់ភ្ញៀវទេសចរ និងអ្នកធ្វើដំណើរមកកាន់ខេត្តសៀមរាបទាន់ពេលវេលា ប្រកបដោយប្រសិទ្ធិភាព និងប្រសិទ្ធិផល៕ អត្ថបទ៖ហ្សាលីន



