អាមេរិក និងអ៊ីរ៉ង់ ព្រមព្រៀងឈប់បាញ់ និងបើកច្រកសមុទ្រ Hormuz ឡើងវិញ រយៈពេលពីរសប្តាហ៍

អន្តរជាតិ

សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានយល់ព្រមលើបទឈប់បាញ់រយៈពេលពីរសប្តាហ៍ ហើយនៅក្នុងអំឡុងពេលនោះ ទីក្រុងតេអេរ៉ង់ នឹងអនុញ្ញាតឲ្យនាវាឆ្លងកាត់ច្រកសមុទ្រ Hormuz បានដោយសេរី ក្រោមការសម្របសម្រួលរបស់កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានធំៗជាច្រើន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ត្រាំ បានបង្ហោះនៅលើបណ្តាញសង្គម Truth Social កាលពីយប់ថ្ងៃទី៧ ខែមេសាថា ៖”​ នៅក្នុងការសន្ទនាជាមួយនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif និងប្រធានបុគ្គលិក លោក Asim Munir ពួកគេបានស្នើសុំឲ្យខ្ញុំពន្យារពេលការវាយប្រហារដោយកម្លាំងបំផ្លិចបំផ្លាញដែលបានគ្រោងទុកប្រឆាំងនឹងអ៊ីរ៉ង់នៅយប់នេះ ដោយមានលក្ខខណ្ឌថាអ៊ីរ៉ង់យល់ព្រមបើកច្រកសមុទ្រ Hormuz ឡើងវិញទាំងស្រុង ភ្លាមៗ និងដោយសុវត្ថិភាព”។

ប្រធានាធិបតីអាមេរិករូបនេះ​ បានបញ្ជាក់ទៀតថា ៖” ខ្ញុំយល់ព្រមបញ្ឈប់ការទម្លាក់គ្រាប់បែក និងការវាយប្រហារទ្រង់ទ្រាយធំលើអ៊ីរ៉ង់រយៈពេលពីរសប្តាហ៍។ នេះគឺជាបទឈប់បាញ់ដោយទ្វេភាគី”។

ទន្ទឹមនឹងនេះ ក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់អ៊ីរ៉ង់ បានប្រកាសថា ខ្លួនបានអនុម័តបទឈប់បាញ់រយៈពេលពីរសប្តាហ៍ផងដែរ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ពួកគេក៏បានបញ្ជាក់ទៀតថា នេះមិនមានន័យថាការប្រយុទ្ធត្រូវបានបញ្ចប់នោះទេ ដោយកងកម្លាំងរបស់អ៊ីរ៉ង់ នៅតែបន្តត្រៀមខ្លួនដើម្បីប្រយុទ្ធជានិច្ច។

មិនតែប៉ុណ្ណោះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានប្រកាសថា អ៊ីរ៉ង់នឹងបើកច្រកសមុទ្រ Hormuz ក្នុងអំឡុងពេលបទឈប់បាញ់នេះ។ លោកបានមានប្រសាសន៍ទៀតថា ៖”សម្រាប់រយៈពេលពីរសប្តាហ៍នេះ ការឆ្លងកាត់ដោយសុវត្ថិភាពតាមរយៈច្រកសមុទ្រ Hormuz នឹងត្រូវបានធានាតាមរយៈការសម្របសម្រួលជាមួយកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ ដោយគិតគូរពីការរឹតបន្តឹងបច្ចេកទេស”៕​