លោកអ្នកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦ បានចាត់តំណាងនាំយកអំណោយចុះចែកជូនដល់ប្រជាពលរដ្ឋចំនួន ២១៨គ្រួសារ ដែលរស់នៅក្នុងបុរី «រុងរឿង» នៃតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ។

លោក ផន សុភាព ប្រធានការដ្ឋានសាងសង់ OCIC តំណាងលោកអ្នកឧកញ៉ា ពុង ឃាវសែ បានឱ្យដឹងថា កន្លងមកក្រុមហ៊ុន បានធ្វើការចែកអំណោយសប្បុរសធម៌ ជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងបុរីរុងរឿង តំបន់អភិវឌ្ឍន៍ជ្រោយចង្វារ រាជធានីភ្នំពេញ បានចំនួន៣៦លើករួចមកហើយ ហើយនេះ ក៏ជាលើកទី៣៧ផងដែរ។ បើគិតពីការ ចំណាយតាំងពីលើកទី១ ដល់លើកទី៣៧នេះ លោកអ្នកឧកញ៉ា បានចំណាយអស់ទឹកប្រាក់សរុប ប្រមាណ ១,០៥៦លានរៀល។
លើសពីនេះ លោកអ្នកឧកញ៉ា ពុង ឃាវសែ និងគណៈគ្រប់គ្រងបុរីរុងរឿង បានចូលរួមចំណែកក្នុងកិច្ចការសង្គម ជូនប្រជាពលរដ្ឋបន្ថែមដូចជា៖ ១.បានផ្តល់ការងារជូនដល់ប្រជាពលរដ្ឋ ដែលទទួលយកគោលនយោបាយដោះដូរផ្ទះ មករស់នៅបុរីរុងរឿង ឲ្យមានការងារធ្វើនៅគម្រោងអភិវឌ្ឍន៍ទីក្រុងជ្រោយចង្វារ បានជាច្រើននាក់។ ២.មូលនិធិគ្រាប់ពូជព្រហ្មវិហារធម៌ និងមិនគិតពីប្រាក់ចំណេញជូនបងប្អូនប្រជាពលរដ្ឋ និងបុគ្គលិកដែលមានជីវភាពខ្វះខាត ដោយពុំយកការប្រាក់។ ព្រហ្មវិហារធម៌របស់មូលនិធិ ផ្តល់អទិភាពលើ ការបង់ថ្លៃសាលា ទិញសម្ភារៈ សៀវភៅសិក្សាឱ្យកូនចៅរៀន និងចំណាយផ្សេងៗដែលចាំបាច់ ដើម្បីពង្រីកសេដ្ឋកិច្ចគ្រួសារ ក្នុងសហគមន៍ជាដើម៕





