យោងតាមរបាយការណ៍ពី The Information បានបង្ហាញឲ្យដឹងថា មហាសេដ្ឋី Elon Musk បានបង្កើនភាគហ៊ុនរបស់លោកនៅក្នុងក្រុមហ៊ុន SpaceX កាលពីឆ្នាំមុន ដោយបានទិញភាគហ៊ុនមានតម្លៃសរុបប្រមាណ ១,៤ពាន់លានដុល្លារពីបុគ្គលិកបច្ចុប្បន្ន និងអតីតបុគ្គលិករបស់ក្រុមហ៊ុន។

ជុំវិញការទិញភាគហ៊ុនបន្ថែមនេះ បានកើតឡើងចំពេលក្រុមហ៊ុន ក្រុមហ៊ុន SpaceX ក៏បានអនុម័តផែនការមួយកាលពីខែមុន ដែលនឹងផ្តល់ភាគហ៊ុនបន្ថែមចំនួន ៦០ លានហ៊ុនដល់នាយកប្រតិបត្តិរូបនេះ ប្រសិនបើតម្លៃមូលធនទីផ្សាររបស់ SpaceX កើនឡើងពី ១,១ទ្រីលានដុល្លារដល់ ៦,៦ទ្រីលានដុល្លារ។
គួរឲ្យដឹងថា លោក Musk បានបង្កើនភាគហ៊ុនរបស់ខ្លួនជាបន្តបន្ទាប់ ចំពេលមានរបាយការណ៍អំពីការត្រៀមខ្លួនរបស់ SpaceX ក្នុងការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង (IPO) និងរួមទាំងផែនការក្នុងការសាងសង់មជ្ឈមណ្ឌលផ្ទូកទិន្នន័យនៅក្នុងលំហ ដើម្បីផ្គត់ផ្គង់សម្រាប់អ្នកអភិវឌ្ឍ AI ផងដែរ។
ជម្រាបជូនថា SpaceX បានរកប្រាក់ចំណេញប្រហែល ៨ពាន់លានដុល្លារកាលពីឆ្នាំមុន ពីលើប្រាក់ចំណូលចន្លោះពី ១៥ពាន់លានដុល្លារ ទៅ ១៦ពាន់លានដុល្លារ។ នេះបើយោងតាមការចុះផ្សាយរបស់ Reuters កាលពីខែមករា៕

