ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិបាននិយាយថា ការចរចាជាមួយសហរដ្ឋអាមេរិកនៅប្រទេសប៉ាគីស្ថាន នឹងបន្តឡើងវិញ ប្រសិនបើទីក្រុងវ៉ាស៊ីនតោនបញ្ចប់ការបិទផ្លូវកំពង់ផែរបស់ទីក្រុងតេអេរ៉ង់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

លោក Amir Saeid Iravani ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ បានប្រាប់អ្នកយកព័ត៌មាននៅទីស្នាក់ការកណ្តាលរបស់អង្គការនេះ ក្នុងទីក្រុងញូវយ៉ក នៅថ្ងៃទី២១ ខែមេសាថា ៖”ដរាបណាសហរដ្ឋអាមេរិកដកកងទ័ពជើងទឹករបស់ខ្លួនពីការបិទផ្លូវសមុទ្រ ខ្ញុំគិតថាការចរចាជុំបន្ទាប់នឹងត្រូវធ្វើឡើងនៅទីក្រុងអ៊ីស្លាម៉ាបាដ”។
ពីមុន ការចរចាជុំទីពីររវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានគ្រោងនឹងធ្វើនៅថ្ងៃទី២២ ខែមេសានេះ នៅទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន។ តែទោះជាយ៉ាងណាក៏ដោយ ទីភ្នាក់ងារសារព័ត៌មាន Tasnim របស់អ៊ីរ៉ង់បានរាយការណ៍នៅថ្ងៃដដែលនេះថា គណៈប្រតិភូអ៊ីរ៉ង់បានជូនដំណឹងដល់ភាគីអាមេរិកតាមរយៈអន្តរការីប៉ាគីស្ថានថា ពួកគេនឹងមិនទៅទីក្រុងអ៊ីស្លាម៉ាបាដនោះទេ ដោយសារមានហេតុផលជាច្រើន រួមទាំងសកម្មភាពបង្កជម្លោះជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិក ក្នុងការបិទផ្លូវកំពង់ផែអ៊ីរ៉ង់ផងដែរ។
មិនតែប៉ុណ្ណោះ នៅក្នុងលិខិតមួយផ្ញើទៅកាន់ក្រុមប្រឹក្សាសន្តិសុខ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Iravani បានអំពាវនាវឱ្យអង្គការសហប្រជាជាតិថ្កោលទោសការរឹបអូសកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ Touska របស់សហរដ្ឋអាមេរិក និងទាមទារឱ្យទីក្រុងវ៉ាស៊ីនតោនដោះលែងកប៉ាល់នោះមកវិញ។
ជម្រាបជូនថា កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានដាក់ពង្រាយដើម្បីគ្រប់គ្រងកប៉ាល់ដឹកទំនិញ Touska នៅក្នុងឈូងសមុទ្រអូម៉ង់កាលពីចុងសប្តាហ៍មុន។ ប្រធានាធិបតី លោក ដូណាល់ ត្រាំ បាននិយាយថា កប៉ាល់ដែលមានទង់ជាតិអ៊ីរ៉ង់ត្រូវតែទទួលរងទណ្ឌកម្មពីសហរដ្ឋអាមេរិក៕

