ក្រសួងធម្មការកម្ពុជា តវ៉ាយ៉ាងដាច់អហង្ការ ចំពោះសកម្មភាពសាសនាខុសច្បាប់របស់ថៃនៅប្រាសាទ​តាក្របី

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងធម្មការកម្ពុជា តវ៉ាយ៉ាងដាច់អហង្ការ ចំពោះវត្តមានរបស់អាជ្ញាធរ និងប្រជាជនថៃ ដែលបន្តបង្កសកម្មភាពខុសច្បាប់ ធ្វើពិធីបួងសួងបែបជំនឿសាសនា នៅប្រាសាទតាក្របី និងតំបន់ជុំវិញ ក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងធម្មការ និងសាសនារបស់កម្ពុជា កាលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ បានចេញសេចក្តីថ្លែងការណ៍ តវ៉ាយ៉ាងខ្លាំងក្លាបំផុត ចំពោះវត្តមានរបស់អាជ្ញាធរ និងប្រជាជនថៃ ។ក្រសួងបញ្ជាក់ថា ទោះបីមានការតវ៉ាជាបន្តបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាក៏ដោយ ក៏អាជ្ញាធរថៃនៅតែបន្តរៀបចំការ ជួបជុំសាធារណៈ ការប្រកបពិធីកម្មសាសនា សម្របសម្រួលការទស្សនា និងអនុវត្តសកម្មភាពផ្សេងៗនៅតំបន់នោះ។ សកម្មភាពខុសច្បាប់ទាំងនេះ គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាព និងបូរណភាព ទឹកដីរបស់កម្ពុជា។

ក្រសួងធម្មការ និងសាសនា ប្រឆាំងដាច់ខាតចំពោះសកម្មភាពថ្មីៗ រួមមាន ការប្រារព្ធពិធីបួងសួង បែបជំនឿសាសនា ការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងវត្តមានរបស់អាជ្ញាធរថៃ នៅលើទឹកដីកម្ពុជា។ សកម្មភាពទាំងអស់នេះ គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ ឯកសារ អនុវត្តសន្ធិសញ្ញាដែលពាក់ព័ន្ធនឹងការងារកំណត់ និងខណ្ឌសីមាព្រំដែន រួមទាំងផែនទីមាត្រដ្ឋាន 1:200 000 និងកំណត់ហេតុនៃគណៈកម្មការកំណត់ព្រំដែន និងគណៈកម្មការបោះបង្គោលព្រំដែនរវាងឥណ្ឌូចិន និងសៀម ក៏ដូចជាអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០ បែបបទបច្ចេកទេស ឆ្នាំ២០០៣ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងគោលការណ៍មូលដ្ឋាននៃច្បាប់អន្តរជាតិ ព្រមទាំងរំលោភទៅនឹងសមត្ថកិច្ចរបស់ គណៈកម្មការចម្រុះព្រំដែននៃភាគីទាំងពីរ (JBC) ផងដែរ។

ក្រសួងធម្មការ ធ្វើការតវ៉ាយ៉ាងដាច់អហង្ការ ចំពោះវត្តមានរបស់មន្ត្រីជាន់ខ្ពស់ថៃ និង ប្រជាជនថៃ ដែលធ្វើសកម្មភាពបួងសួងបែបជំនឿសាសនាខុសច្បាប់ នៅប្រាសាទតាក្របី នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នេះ។ វត្តមានរបស់មន្ត្រីជាន់ខ្ពស់ទាំងនេះ បានបង្ហាញពីចរិតលក្ខណៈពង្រឹងសកម្មភាព ខុសច្បាប់ និងបំផ្លាញដល់កិច្ចខិតខំប្រឹងប្រែងដោះស្រាយបញ្ហាដោយសន្តិវិធីនិងតាមរយៈការចរចា។

ក្រសួង សូមអំពាវនាវដល់រាជរដ្ឋាភិបាលថៃ ឱ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពបួងសួង ឬការប្រកបពិធីកម្មសាសនាផ្សេងៗ នៅប្រាសាទតាក្របី និងតំបន់ដទៃទៀត ដែលស្ថិតនៅក្នុងដែន អធិបតេយ្យភាពរបស់កម្ពុជា ព្រោះវាជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ លើអធិបតេយ្យភាព និងបូរណភាពទឹក ដីរបស់កម្ពុជា។

កម្ពុជាបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួន ក្នុងការដោះស្រាយបញ្ហាដោយ សន្តិវិធី តាមរយៈយន្តការទ្វេភាគីដែលមានស្រាប់ ជាពិសេសយន្តការ JBC ៕ អត្ថបទ៖ហ្សាលីន