រដ្ឋសភាកម្ពុជា ត្រៀមរៀបចំសិក្ខាសាលាស្តីពីការប្រើប្រាស់បញ្ញាសប្បនិម្មិត (AI) ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងពង្រឹងការទូតសភានិយាយភាសាបារាំង

សង្គម​ និង​សេដ្ឋកិច្ច

លោក ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា និងជាប្រធានក្រុមរដ្ឋសភាកម្ពុជានៃសភានិយាយភាសាបារាំង (APF) នៅថ្ងៃ ទី២៤ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារអាទិភាពចំនួនពីរ ដើម្បីបង្កើនឧត្តមភាពការងារសភា ឆ្លើយតបទៅនឹងការវិវឌ្ឍនៃបច្ចេកវិទ្យាសកល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ឈាង វុន បានលើកឡើងដោយផ្ដោតសំខាន់លើការត្រៀមរៀបចំសិក្ខាសាលាស្តីពី «ក្របខណ្ឌ និងការប្រើប្រាស់ឌីជីថល និងបញ្ញាសប្បនិម្មិត (AI) នៅក្នុងសភា ដែលជាជំហានយុទ្ធសាស្ត្រក្នុងការពង្រឹងសមត្ថភាពមន្ត្រីជំនាញ ឱ្យចេះទាញយកអត្ថប្រយោជន៍ពីបច្ចេកវិទ្យា AI មកប្រើប្រាស់ជាជំនួយក្នុងការជំរុញល្បឿននិងប្រសិទ្ធភាពក្នុងប្រតិបត្តិការងារប្រចាំថ្ងៃ ។

បន្ថែមពីនេះ រដ្ឋសភាកម្ពុជា តាមរយៈគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា និង ក្រុមរដ្ឋសភាកម្ពុជានៃសភានិយាយភាសាបារាំង (APF) ក៍បានពិភាក្សាលម្អិតពាក់ព័ន្ឋនឹង ការត្រៀមលក្ខណៈអោយបានហ្មត់ចត់ ដើម្បីធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំគណៈ     កម្មការនយោបាយនៃសភានិយាយភាសាបារាំង (APF) ដែលគ្រោងនឹងប្រព្រឹត្តទៅនៅខេត្តសៀមរាប ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៦ ខាងមុខផងដែរ។

ទន្ទឹមនឹងនោះ លោក ឈាង វុន ក៏បានសង្កត់ធ្ងន់ថា ក្រៅពីការវិវឌ្ឍផ្នែកបច្ចេកវិទ្យា រដ្ឋសភាក៏បានផ្ដោតខ្លាំងលើការលើកកម្ពស់សមត្ថភាពមន្ត្រីលើ «ការទូតសភាភាសាបារាំង»ដែលនេះគឺជាផ្នែកមួយដ៏សំខាន់ក្នុងការរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងក្របខណ្ឌសភានិយាយភាសាបារាំង ឱ្យកាន់តែស៊ីជម្រៅ និងជិតស្និទ្ធបំផុត៕