ជារៀងរាល់ព្រឹកថ្ងៃសៅរ៍-អាទិត្យ ចាប់ពីម៉ោង៦ ដល់ម៉ោង១១ មនុស្សម្នាជាច្រើន ដែលនិយមគាំទ្របន្លែ ផ្លែឈើសុវត្ថិភាព បានមកទិញបន្លែនៅផ្សារចុងសប្ដាហ៍នៅក្បែរមាត់ស្ទឹងក្រុងសៀមរាប ដោយក្ដីសប្បាយរីករាយ។ មន្ទីកសិកម្មខេត្តថា ផ្សារចុងសប្ដាហ៍ដែលមានទីតាំងស្ថិតក្នុងបរិវេណសួនច្បារ ជិតព្រះរាជដំណាក់ មាត់ស្ទឹងសៀមរាប មិនត្រឹមតែបានជួយជំរុញទីផ្សារបន្លែសុវត្ថិភាពរបស់សហគមន៍ប៉ុណ្ណោះទេ ផ្សារនេះ ក៏បានរួមចំណែកជំរុញចរន្តសេដ្ឋកិច្ច និងលើកកម្ពស់សុខភាពសាធារណៈថែមទៀត។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងដំណើរទស្សនកិច្ចទៅកាន់ផ្សារចុងសប្តាហ៍ លោក តាន់ ជាយុទ្ធថា អនុប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានឱ្យដឹងថា ផ្សារចុងសប្ដាហ៍ស្ថិតក្នុងបរិវេណសួនច្បារ ជិតព្រះរាជដំណាក់ មាត់ស្ទឹងសៀមរាប បច្ចុប្បន្នមាន ៦៩សហគមន៍កសិករ ប៉ុន្តែអ្នកដាំបន្លែជាអាជីពគឺមានតែ ២៣សហគមន៍ប៉ុណ្ណោះ ដែលជាអ្នកដាំបន្លែសម្រាប់យកមកផ្គត់ផ្គង់នៅផ្សារចុងសប្តាហ៍នេះ។
លោកបញ្ជាក់ថា៖« បងប្អូនដែលជាសមាជិកក្នុងសហគមន៍ អាចផលិតបន្លែបានពី១០០ ទៅ១៥០គីឡូក្រាមក្នុង១ថ្ងៃសម្រាប់ផ្គត់ផ្គង់ទីផ្សារទូទៅផង និងផ្គត់ផ្គង់ទីផ្សារចុងសប្តាហ៍សៀមរាបនេះ»។

ជាមួយគ្នានេះ លោកថា ចាប់តាំងពីដំណើរការផ្សារនេះមក ឃើញថា ប្រជាពលរដ្ឋនៅក្នុងខេត្តគាំទ្រខ្លាំង ដោយសារប្រជាពលរដ្ឋចាប់ផ្តើមគិតពីសុខភាពច្រើន។ជាក់ស្តែង ក្នុងប្រជាពលរដ្ឋដែលលក់បន្លែតិច គាត់អាចលក់បានចន្លោះ៣០ ទៅ៤០គីឡូ ក្នុងមួយព្រឹកថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ខណៈបងប្អូនដែលគាត់ដាក់លក់បន្លែច្រើនវិញ គឺអាចលក់បានចន្លោះពី១០០ ទៅ១៥០គីឡូក្នុងមួយព្រឹក។
លោក តាន់ ជាយុទ្ធថា បានបញ្ជាក់បន្ថែមថា រាល់ការលក់ដូរបន្លែ ផ្លែឈើ ត្រីសាច់នៅក្នុងផ្សារចុងសប្តាហ៍នេះ គឺមានការទទួលស្គាល់ពីក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ ព្រមទាំងក្រសួងពាណិជ្ជកម្ម ព្រមទាំងស្ថាប័នពាក់ព័ន្ធថា ពិតជាមានស្តង់ដារសុវត្ថិភាព តាមបែបបច្ចេកទេសត្រឹមត្រូវ មិនប្រើប្រាស់ថ្នាំជីគីមី ដែលអាចបង្កផលប៉ពាល់ដល់សុខភាពរបស់អ្នកប្រើប្រាស់នោះឡើយ។

មន្រ្តីខាងលើ បានសង្កត់ធ្ងន់ថា បរិបទនៃការហូបបន្លែសុវត្ថិភាពកាន់តែផុសផុលឡើងក្នុងសង្គមបច្ចុប្បន្ន ហើយនៅខេត្តសៀមរាប ទីផ្សារបន្លែសុវត្ថិភាពដែលដាំដោយកសិករខ្មែរហើយដាក់លក់នៅក្នុងផ្សារចុងសប្តាហ៍នេះ គឺហាក់មានសន្ទុះកើនឡើងខ្លាំង ពោលគឺអតិថិជនអ្នកហូបបន្លែសុវត្ថិភាពប្រាប់ថា ពួកគេជ្រើសរើសហូបបន្លែនេះដោយសារមានទំនុកចិត្ត ដោយមិនបារម្ភពីបញ្ហាសុខភាពឡើយ បើទោះបីបន្លែសុវត្ថិភាពមានតម្លៃថ្លៃជាងបន្លែធម្មតាក៏ដោយ។
ហេតុនេះ ការដាក់ឱ្យដំណើរការផ្សារចុងសប្តាហ៍នេះ មន្រ្តីមន្ទីកសិកម្មថា មិនត្រឹមតែជួយជំរុញចរន្តសេដ្ឋកិច្ចប្រជាពលរដ្ឋប៉ុណ្ណោះទេ ផ្សារនេះក៏បានរួមចំណែកដ៏សំខាន់ ដល់ការលើកម្ពស់សុខភាពសាធារណៈដល់ពលរដ្ឋ ទាក់ទាញទេសចរណ៍ ពិសេសជួយលើកកម្ពស់មុខមាត់ខេត្តសៀមរាបផ្ទាល់ឱ្យកាន់តែល្អផងដែរ។

ជាថ្មីម្តងទៀត មន្រ្តីជំនាញខាងលើ ជំរុញឱ្យសាធារណជន បន្តគាំទ្រផលិតផលកសិកម្មចម្រុះក្នុងស្រុក ពិសេសបន្លែផ្លែឈើដែលមានដាក់លក់នៅក្នុងផ្សារនេះ ឱ្យកាន់តែខ្លាំងថែមទៀត ដើម្បីលើកស្ទួយជីវភាពកសិករដែលជាអ្នកផលិត និងផលិតករខ្មែរដែលជាអ្នកកែច្នៃ។
សូមជម្រាបដែរថា ផ្សារចុងសប្តាហ៍ បានធ្វើឡើងក្រោមការដឹកនាំនិងការគាំទ្ររបស់ក្រសួងពាណិជ្ជកម្ម និងការសម្របសម្រួលផ្តល់ទីតាំងរបស់រដ្ឋបាលខេត្ត មន្ទីរពាណិជ្ជកម្មខេត្តសៀមរាប និងក្រោមគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) នៃក្រសួងពាណិជ្ជកម្ម បានរៀបចំនិងដាក់ឱ្យដំណើរការផ្សារលក់ផលិតផលខ្មែរ ចាប់តាំងពី ឆ្នាំ២០១៩រហូតមកដល់បច្ចុប្បន្ន៕អត្ថបទ៖ពិសី



