មន្រ្តីជំនាញ៖ ផ្សារចុងសប្តាហ៍សៀមរាប បានជួយជំរុញចរន្តសេដ្ឋកិច្ច និងលើកកម្ពស់សុខភាពសាធារណៈ

សង្គម​ និង​សេដ្ឋកិច្ច

ជា​រៀងរាល់​ព្រឹក​ថ្ងៃ​សៅរ៍​-​អាទិត្យ ចាប់ពី​ម៉ោង​៦ ដល់​ម៉ោង​១១ មនុស្សម្នា​ជាច្រើន ដែល​និយម​គាំទ្រ​បន្លែ ផ្លែឈើ​សុវត្ថិភាព បានមក​ទិញ​បន្លែ​នៅ​ផ្សារ​ចុង​សប្ដាហ៍នៅក្បែរមាត់ស្ទឹងក្រុងសៀមរាប ដោយ​ក្ដី​សប្បាយរីករាយ​។ មន្ទីកសិកម្មខេត្តថា ​ផ្សារ​ចុង​សប្ដាហ៍ដែលមានទីតាំងស្ថិតក្នុង​បរិវេណ​សួនច្បារ ជិត​ព្រះរាជដំណាក់ មាត់​ស្ទឹង​សៀមរាប មិនត្រឹមតែបាន​ជួយ​ជំរុញ​ទីផ្សារ​បន្លែ​សុវត្ថិភាពរបស់សហគមន៍ប៉ុណ្ណោះទេ ផ្សារនេះ ក៏បានរួមចំណែកជំរុញចរន្តសេដ្ឋកិច្ច និងលើកកម្ពស់សុខភាពសាធារណៈថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងដំណើរទស្សនកិច្ចទៅកាន់ផ្សារចុងសប្តាហ៍ លោក តាន់ ជាយុទ្ធថា អនុប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប​ បានឱ្យដឹងថា ​ផ្សារ​ចុង​សប្ដាហ៍ស្ថិតក្នុង​បរិវេណ​សួនច្បារ ជិត​ព្រះរាជដំណាក់ មាត់​ស្ទឹង​សៀមរាប ​បច្ចុប្បន្នមាន ៦៩សហគមន៍កសិករ ប៉ុន្តែអ្នកដាំបន្លែជាអាជីពគឺមានតែ ២៣សហគមន៍ប៉ុណ្ណោះ ដែលជាអ្នកដាំបន្លែសម្រាប់យកមកផ្គត់ផ្គង់នៅផ្សារចុងសប្តាហ៍នេះ។

លោកបញ្ជាក់ថា៖« បងប្អូនដែលជាសមាជិកក្នុងសហគមន៍ អាចផលិតបន្លែបានពី១០០ ទៅ១៥០គីឡូក្រាមក្នុង១ថ្ងៃសម្រាប់ផ្គត់ផ្គង់ទីផ្សារទូទៅផង និងផ្គត់ផ្គង់ទីផ្សារចុងសប្តាហ៍សៀមរាបនេះ»

ជាមួយគ្នានេះ លោកថា ចាប់តាំងពីដំណើរការផ្សារនេះមក ឃើញថា ប្រជាពលរដ្ឋនៅក្នុងខេត្តគាំទ្រខ្លាំង ដោយសារប្រជាពលរដ្ឋចាប់ផ្តើមគិតពីសុខភាពច្រើន។ជាក់ស្តែង ក្នុងប្រជាពលរដ្ឋដែលលក់បន្លែតិច គាត់អាចលក់បានចន្លោះ៣០ ទៅ៤០គីឡូ ក្នុងមួយព្រឹកថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ខណៈបងប្អូនដែលគាត់ដាក់លក់បន្លែច្រើនវិញ គឺអាចលក់បានចន្លោះពី១០០ ទៅ១៥០គីឡូក្នុងមួយព្រឹក។

លោក តាន់ ជាយុទ្ធថា បានបញ្ជាក់បន្ថែមថា រាល់ការលក់ដូរ​​បន្លែ ផ្លែឈើ ត្រី​សាច់នៅក្នុងផ្សារចុងសប្តាហ៍នេះ គឺមានការទទួលស្គាល់ពីក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ ព្រមទាំងក្រសួងពាណិជ្ជកម្ម ព្រមទាំងស្ថាប័នពាក់ព័ន្ធថា ពិតជាមានស្តង់ដារសុវត្ថិភាព តាមបែបបច្ចេកទេសត្រឹមត្រូវ មិនប្រើប្រាស់ថ្នាំជីគីមី ដែលអាចបង្កផលប៉ពាល់ដល់សុខភាពរបស់អ្នកប្រើប្រាស់នោះឡើយ។

មន្រ្តីខាងលើ បានសង្កត់ធ្ងន់ថា បរិបទ​នៃ​ការហូប​បន្លែ​សុវត្ថិភាព​កាន់តែ​ផុសផុល​ឡើង​ក្នុងសង្គម​បច្ចុប្បន្ន ហើយនៅ​ខេត្តសៀមរាប ទីផ្សារ​បន្លែ​សុវត្ថិភាព​ដែល​ដាំ​ដោយ​កសិករ​ខ្មែរហើយដាក់លក់នៅក្នុងផ្សារចុងសប្តាហ៍នេះ គឺហាក់​មាន​សន្ទុះ​កើនឡើង​ខ្លាំង ពោលគឺអតិថិជន​អ្នក​ហូប​បន្លែ​សុវត្ថិភាព​ប្រាប់ថា ពួកគេ​ជ្រើសរើស​ហូប​បន្លែ​នេះ​ដោយសារ​មាន​ទំនុកចិត្ត ដោយ​មិន​បារម្ភ​ពី​បញ្ហា​សុខភាព​ឡើយ បើទោះបី​បន្លែ​សុវត្ថិភាព​មានតម្លៃ​ថ្លៃ​ជាង​បន្លែ​ធម្មតា​ក៏ដោយ​។​

ហេតុនេះ ការដាក់ឱ្យដំណើរការផ្សារចុងសប្តាហ៍នេះ មន្រ្តីមន្ទីកសិកម្មថា មិនត្រឹមតែជួយជំរុញចរន្តសេដ្ឋកិច្ចប្រជាពលរដ្ឋប៉ុណ្ណោះទេ ផ្សារនេះក៏បានរួមចំណែកដ៏សំខាន់ ដល់ការលើកម្ពស់សុខភាពសាធារណៈដល់ពលរដ្ឋ ទាក់ទាញទេសចរណ៍ ពិសេសជួយលើកកម្ពស់មុខមាត់ខេត្តសៀមរាបផ្ទាល់ឱ្យកាន់តែល្អផងដែរ។

ជាថ្មីម្តងទៀត មន្រ្តីជំនាញខាងលើ ជំរុញឱ្យសាធារណជន បន្តគាំទ្រផលិតផលកសិកម្មចម្រុះក្នុងស្រុក ពិសេសបន្លែផ្លែឈើដែលមានដាក់លក់នៅក្នុងផ្សារនេះ ឱ្យកាន់តែខ្លាំងថែមទៀត ដើម្បីលើកស្ទួយជីវភាពកសិករដែលជាអ្នកផលិត និងផលិតករខ្មែរដែលជាអ្នកកែច្នៃ។

សូមជម្រាបដែរថា ផ្សារចុងសប្តាហ៍ បានធ្វើឡើងក្រោមការដឹកនាំនិងការគាំទ្ររបស់ក្រសួងពាណិជ្ជកម្ម និងការសម្របសម្រួលផ្តល់ទីតាំងរបស់រដ្ឋបាលខេត្ត មន្ទីរពាណិជ្ជកម្មខេត្តសៀមរាប និងក្រោមគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) នៃក្រសួងពាណិជ្ជកម្ម បានរៀបចំនិងដាក់ឱ្យដំណើរការផ្សារលក់ផលិតផលខ្មែរ ចាប់តាំងពី ឆ្នាំ២០១៩រហូតមកដល់បច្ចុប្បន្ន៕អត្ថបទ៖ពិសី