ករណីអំពើពុករលួយនៅសិង្ហបុរី ធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មាន

អន្តរជាតិ

ចំនួនករណីពុករលួយដែលត្រូវបានស៊ើបអង្កេតនៅសិង្ហបុរី បានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មាន ក្នុងឆ្នាំ២០២៥ ខណៈបទល្មើសភាគច្រើនមានកើតឡើងតែនៅក្នុងវិស័យឯកជនប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទិន្នន័យដែលចេញផ្សាយនៅថ្ងៃទី២៨ ខែមេសា ដោយការិយាល័យស៊ើបអង្កេតការអនុវត្តអំពើពុករលួយសិង្ហបុរី (CPIB) បានបង្ហាញថា មានករណីចំនួន ៦៨ ត្រូវបានចុះបញ្ជីសម្រាប់ការស៊ើបអង្កេតក្នុងឆ្នាំ២០២៥ ពោលគឺធ្លាក់ចុះពី ៧៥ ក្នុងឆ្នាំ២០២៤ និង ៨១ ក្នុងឆ្នាំ២០២៣។ នេះគឺជាតួលេខទាបបំផុត គិតចាប់តាំងពីការកត់ត្រាបានចាប់ផ្តើមធ្វើឡើងក្នុងឆ្នាំ២០១០ មក។

សរុបមក ទីភ្នាក់ងារនេះបានទទួលរបាយការណ៍ទាក់ទងនឹងអំពើពុករលួយសរុបចំនួន ១៦០ ករណី កាលពីឆ្នាំមុន រួមទាំងការដាក់ពាក្យស្នើដោយអនាមិកចំនួន ៥៦ ករណីផ្សេងទៀត ពោលគឺធ្លាក់ចុះពី ១៧៧ ក្នុងឆ្នាំ២០២៤ និងពី ២១៥ ក្នុងឆ្នាំ២០២៣។

គួរជម្រាបជូនថា នៅលើឆាកអន្តរជាតិ ប្រទេសសិង្ហបុរី នៅតែបន្តជាប់ចំណាត់ថ្នាក់ក្នុងចំណោមប្រទេសដែលមានអំពើពុករលួយតិចបំផុត។ ប្រទេសជាប់ចំណាត់ថ្នាក់លេខ៣ ​ក្នុង​ចំណោម ១៨២ ប្រទេស ក្នុង​សន្ទស្សន៍​យល់ឃើញ​អំពី​អំពើពុករលួយ​ឆ្នាំ២០២៥ ដោយ​អង្គការ​តម្លាភាព​អន្តរជាតិ និង​ជាប់​ចំណាត់ថ្នាក់​លេខ​ពីរ​ទូទាំង​ពិភពលោក សម្រាប់​អវត្តមាន​នៃ​អំពើពុករលួយ​ក្នុងជួរ​រដ្ឋាភិបាល៕​