ក្រុមហ៊ុន BYD របស់ប្រទេសចិន កំពុងចរចាជាមួយក្រុមហ៊ុន Stellantis និងក្រុមហ៊ុនផលិតរថយន្តអឺរ៉ុបផ្សេងទៀត ដើម្បីទិញយករោងចក្រដែលមិនសូវប្រើប្រាស់នៅក្នុងតំបន់នេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

លោកស្រី Stella Li អនុប្រធានប្រតិបត្តិរបស់ BYD បាននិយាយក្នុងបទសម្ភាសមួយថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីធំជាងគេបំផុតរបស់ពិភពលោក កំពុងពិភាក្សាអំពីកិច្ចព្រមព្រៀងដែលអាចកើតមាន ដើម្បីទទួលយករោងចក្រនៅក្នុងប្រទេសក្នុងតំបន់អឺរ៉ុប ដូចជាប្រទេសអ៊ីតាលីជាដើម។
លោកស្រី Li បានសង្កត់ធ្ងន់ថា ក្រុមហ៊ុន BYD ចូលចិត្តដំណើរការរោងចក្រដោយខ្លួនឯង ជាជាងការបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុនដទៃទៀត។
យ៉ាងណាមិញ ជុំវិញការលើកឡើងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រុមហ៊ុនខ្នាតយក្សចិននេះ បានកើតឡើង ចំពេលមានរបាយការណ៍ថា ក្រុមហ៊ុន Stellantis និងក្រុមហ៊ុន Leapmotor របស់ចិន បានប្រកាសពីផែនការចាប់ផ្តើមផលិតរថយន្តរួមគ្នា នៅអឺរ៉ុប។
គួរជម្រាបជូនថា BYD ហាក់កំពុងទទួលបានអត្ថប្រយោជន៍ ពីការចាប់អារម្មណ៍ឡើងវិញលើរថយន្តអគ្គិសនី ចាប់តាំងពីតម្លៃប្រេងឥន្ធនៈបានកើនឡើងខ្ពស់ បន្ទាប់ពីជម្លោះនៅមជ្ឈិមបូព៌ាមក។ ក្រុមហ៊ុននេះបានពង្រីកខ្លួនយ៉ាងខ្លាំងនៅក្រៅប្រទេស ដោយការលក់របស់ខ្លួន បានកើនឡើងយ៉ាងខ្លាំងនៅអឺរ៉ុប បន្ទាប់ពីមានសម្ពាធពីសង្គ្រាមតម្លៃនៅក្នុងប្រទេសចិន៕

