ភាគហ៊ុន Boeing ធ្លាក់ចុះ ៤% ភ្លាមៗ ក្រោយលោក ត្រាំ ប្រកាសថាចិន បញ្ជាទិញយន្តហោះត្រឹម ២០០ គ្រឿង

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់ទៅកាន់ Fox News Channel កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសចិនបានយល់ព្រមទិញយន្តហោះ Boeing ចំនួន ២០០ គ្រឿង ពោលគឺជាចំនួនតិចជាងអ្វីដែលអ្នកវិភាគរំពឹងទុក ដែលបានធ្វើឲ្យភាគហ៊ុនរបស់ក្រុមហ៊ុនផលិតយន្តហោះខ្នាតយក្សនេះធ្លាក់ចុះភ្លាមៗ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណាមិញ​ ព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងនេះមិនទាន់ត្រូវបានបញ្ជាក់ភ្លាមៗទេ រួមទាំងពេលវេលា និងប្រភេទយន្តហោះដែលនឹងត្រូវបានដឹកជញ្ជូន ស្របពេលចំនួននៃការបញ្ជាទិញនេះ តិចជាងអ្វីដែលធ្លាប់បានត្រូវគេរំពឹងទុក នៅមុនពេលមានកិច្ចប្រជុំរវាងលោក ត្រាំ និងលោក ស៊ី។

មិនតែប៉ុណ្ណោះ ក្រោយការប្រកាសនេះ ភាគហ៊ុនរបស់ក្រុមហ៊្ន Boeing បានធ្លាក់ចុះ ៤,១% ក្នុងអំឡុងពេលទីផ្សារបើកការជួញដូរនៅថ្ងៃព្រហស្បតិ៍។ ការបញ្ជាទិញយន្តហោះ Boeing គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយក្នុងចំណោមកិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើនដែលត្រូវបានគេរំពឹងថាជាផ្លូវឈានទៅរកការបញ្ចប់ភាពតានតឹងពាណិជ្ជកម្មរវាងប្រទេសមហាចអំណាចសេដ្ឋកិច្ចទាំងពីរ បន្ទាប់ពី លោក ត្រាំ បានផ្អាកពន្ធគយយ៉ាងច្រើនលើទំនិញចិន ខណៈពេលដែលលោក ស៊ី ក៏បានដកខ្លួនចេញការរឹតបន្តឹងលើការផ្គត់ផ្គង់រ៉ែដ៏កម្រដ៏សំខាន់របស់ខ្លួនផងដែរ។

ជម្រាបជូនផងដែរថា ការបញ្ជាទិញដែលត្រូវបានប្រកាសដោយលោក ត្រាំ នេះ ហាក់ខុសពីអ្វីដែលធ្លាប់បានរំពឹងទុក ដោយចំនួនធ្លាក់ចុះយ៉ាងខ្លាំងពីអ្វីដែលមេដឹកនាំប្រទេសទាំងពីរធ្លាប់បានពិភាក្សាពីពេលមុន សម្រាប់ការបញ្ជាទិញយន្តហោះ Boeing 737 MAX រហូតដល់ទៅ ៥០០​ គ្រឿង បូករួមទាំងយន្តហោះខ្នាតធំដែលមានតម្លៃថ្លៃជាងរាប់សិបគ្រឿងទៀត។ ប្រទេសចិន ក៏ធ្លាប់បានពិភាក្សាសម្រាប់កិច្ចព្រមព្រៀងទំហំស្រដៀងគ្នាជាមួយក្រុមហ៊ុនផលិតយន្តហោះអឺរ៉ុប Airbus ផងដែរ៕​