ក្រុមហ៊ុនរបស់លោក ត្រាំ ចាប់ផ្តើមដាក់លក់ទូរស័ព្ទ T1 របស់ខ្លួននៅអាមេរិកជាផ្លូវការ ក្រោយពន្យារពេលជាយូរ

អន្តរជាតិ

ក្រុមហ៊ុន Trump Mobile ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ Trump Organization និងជារបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចាប់ផ្តើមដឹកជញ្ជូនស្មាតហ្វូនម៉ូដែល T1 របស់ខ្លួនដែលមានតម្លៃ ៤៩៩ដុល្លារ ទៅកាន់អតិថិជន បន្ទាប់ពីមានការពន្យារពេលជាយូរ។ នេះបើតាមការចុះផ្សាយពី Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

Trump Mobile ដែលត្រូវបានបង្កើតឡើងដំបូង កាលពីខែមិថុនា ឆ្នាំមុន ដោយក្រុមហ៊ុន Trump Organization ក្រោមកិច្ចព្រមព្រៀងផ្តល់អាជ្ញាប័ណ្ណពាណិជ្ជកម្មស្លាកសញ្ញា បានពន្យារពេលការចេញលក់ទូរស័ព្ទ T1 របស់ខ្លួន ជាលើកដំបូងនៅក្នុងខែតុលា បន្ទាប់ពីមានការដាក់ឲ្យបញ្ជាទិញមុនជាច្រើន។

លោក Pat O’Brien នាយកប្រតិបត្តិក្រុមហ៊ុន Trump Mobile បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ Reuters ថា ទូរស័ព្ទដែលត្រូវបានបញ្ជាទិញជាមុន កំពុងចាប់ផ្តើមដឹកជញ្ជូនដល់អតិថិជនហើយ នៅសប្តាហ៍នេះ។ លោកបាននិយាយទៀតថា ការដាក់លក់ត្រូវបានពន្យារពេល ដោយសារតែក្រុមហ៊ុន ត្រូវធ្វើការតាមរយៈដំណាក់កាលជាច្រើននៃការអភិវឌ្ឍ និងការធ្វើតេស្ត ដើម្បីធានាថាសមាសធាតុរបស់ទូរស័ព្ទថាបានបំពេញតាមស្តង់ដារគុណភាពត្រឹមត្រូវ។

គួរឲ្យដឹងថា ទូរស័ព្ទ T1 មានជម្រើសពណ៌មាសតែមួយប៉ុណ្ណោះ ជាមួយអេក្រង់ទំហំ ៦,៧៨ អ៊ីញ ប្រព័ន្ធដំណើរការ Qualcomm Snapdragon មានប្រព័ន្ធកាមេរ៉ាបី និងថ្មទំហំ ៥ ០០០ មីលីអំពែម៉ោង (mAh) ដែលដំណើរការលើប្រព័ន្ធប្រតិបត្តិការ Android។

យ៉ាងណាមិញ ក្រុមហ៊ុនមិនបានបង្ហាញថាមានទូរស័ព្ទប៉ុន្មានគ្រឿងដែលត្រូវបានបញ្ជាទិញជាមុន ឬដឹកជញ្ជូនទៅដល់ដៃអតិថិជននោះឡើយ ប៉ុន្តែបាននិយាយថាខ្លួនរំពឹងថាការបញ្ជាទិញដែលនៅសេសសល់ នឹងត្រូវបានបំពេញ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។

ជម្រាបជូណផងដែរថា ទូរស័ព្ទ T1 ត្រូវបានរចនាជាពិសេសឡើង សម្រាប់អ្នកគាំទ្ររបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ផ្ទាល់តែម្តង ដោយស្មាតហ្វូននេះ បានផ្តល់ជូននូវសេវាកម្មពិសេសៗជាច្រើនពាក់ព័ន្ធជាមួយក្រុមហ៊ុន Trump Organization ដែលត្រូវបានដំឡើងនៅក្នុងនោះស្រាប់៕​