សហគ្រាសរបស់ចិន ប្តេជ្ញាបង្កើនចំនួនភ្ញៀវទេសចរចិនមកកាន់កម្ពុជាឱ្យលើសពីចំនួន៣០ម៉ឺននាក់

សង្គម​ និង​សេដ្ឋកិច្ច

សហគ្រាសទេសចរណ៍ធំៗ និង Influencers ល្បីៗ នៅខេត្តហៃណានសាទរការលើកលែងទិដ្ឋាការដល់ប្រជាជនចិនរបស់កម្ពុជា ដោយប្តេជ្ញាបង្កើនចំនួនភ្ញៀវទេសចរចិនមកកម្ពុជាឱ្យលើសពីចំនួន៣០០.០០០នាក់ដែលកំពុងមានស្រាប់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការប្តេជ្ញានេះ បានធ្វើឡើងក្នុងជំនួបពិភាក្សាការងារ និងផ្សព្វផ្សាយពីយុទ្ធនាការលើកលែងទិដ្ឋាការសាកល្បងដល់ប្រជាជនចិន និងទស្សនាកម្ពុជានារដូវកាលបៃតង ជាមួយសហគ្រាសចិនធំៗ និង Influencers ល្បីៗ ប្រចាំខេត្តហៃណាន ដឹកនាំដោយលោក Sun Haigui អនុប្រធានមន្ទីរទេសចរណ៍ វប្បធម៌ វិទ្យុ ទូរទស្សន៍ ការបោះពុម្ភផ្សាយ និងកីឡានៃក្រុងហៃគូ ខេត្តហៃណាន នៅទីក្រុងហៃគូ ខេត្តហៃណាន ជាមួយ​លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦។

ក្នុងជំនួបពិភាក្សានេះ លោក Sun Haigui បានបង្ហាញការចាប់អារម្មណ៍ចំពោះសក្តានុពលវិស័យទេសចរណ៍របស់កម្ពុជា ជាពិសេសទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ ធម្មជាតិ និងបដិសណ្ឋារកិច្ច ដែលអាចទាក់ទាញភ្ញៀវទេសចរចិនបានកាន់តែច្រើន។

ជាមួយគ្នានេះ សហគ្រាសទេសចរណ៍ចម្រុះដែលគ្រប់គ្រងដោយរដ្ឋ និងសហគ្រាសទេសចរណ៍ឯកជនទាំង១៥ ក៏បានគាំទ្រចំពោះការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់ការលើកលែងទិដ្ឋាការសម្រាប់ប្រជាជនចិន ចូលទស្សនា និងស្នាក់នៅកម្ពុជាបានរយៈពេល១៤ថ្ងៃ ដែលត្រូវបានរំពឹងថា នឹងជួយទាក់ទាញភ្ញៀវទេសចរចិនមកទស្សនាកម្ពុជាបានកាន់តែច្រើនក្នុងរដូវកាលបៃតងដ៏ពិសេសនេះ។

សហគ្រាសទាំងអស់សន្យា នឹងប្រឹងប្រែងបន្ថែមក្នុងការនាំភ្ញៀវទេសចរចិនមកកម្ពុជាឱ្យបាន៥០ម៉ឺននាក់ក្នុងឆ្នាំ២០២៦ តាមរយៈកម្មវិធីលើកលែងទិដ្ឋាការ និងយុទ្ធនាការផ្សព្វផ្សាយរដូវកាលបៃតងនេះ។ គួរបញ្ជាក់ផងដែរថា សហគ្រាសទេសចរណ៍ទាំងអស់នេះ បានសហការយ៉ាងសកម្មក្នុងការនាំភ្ញៀវទេសចរចិនទៅទស្សនាកម្ពុជា បានច្រើនជាង៣០ម៉ឺននាក់ ចាប់តាំងពីឆ្នាំ២០១៦ មក។

ជាការឆ្លើយតប លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា-ចិនក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា-ចិន។ ​លោក ក៏បានស្នើឱ្យភាគីចិនជួយផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគកម្ពុជាដ៏ទាក់ទាញរបស់កម្ពុជា រួមជាមួយការលើកលែងទិដ្ឋាការជូនប្រជាជនចិនពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ខាងមុខឱ្យបានទូលំទូលាយដល់ប្រជាជននៅខេត្តហៃណាន និងតំបន់ផ្សេងៗទៀតរបស់ចិនផងដែរ។

សូមជម្រាប់ដែរថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់ការលើកលែងទិដ្ឋាការសម្រាប់ប្រជាជនចិន ដែលអាចស្នាក់នៅកម្ពុជាបានរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ដើម្បីទាក់ទាញភ្ញៀវទេសចរចិនមកកម្ពុជាកាន់តែច្រើនក្នុងរដូវកាលបៃតង៕អត្ថបទ៖ហ្សាលីន