ក្រុមហ៊ុន Meta បានប្រកាសចាប់ផ្តើមបញ្ឈប់បុគ្គលិកចំនួន ៨ ០០០ នាក់ ឬប្រហែល ១០% នៃកម្លាំងពលកម្មសកលរបស់ខ្លួន ខណៈពេលដែលលោក Mark Zuckerberg ដែលជាស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុន បានបង្ហាញអារម្មណ៍ក្តុកក្តួលយ៉ាងខ្លាំង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

យោងតាមការចុះផ្សាយដាច់ឡែកមួយពី Bloomberg បានឲ្យដឹងថា ក្រុមហ៊ុន Meta បានជូនដំណឹងពីការបញ្ឈប់បុគ្គលិកទ្រង់ទ្រាយធំមួយ កាលពីថ្ងៃទី២០ ខែឧសភា ដោយចាប់ផ្តើមពីការិយាល័យនៅប្រទេសសិង្ហបុរីមុនគេ និងនៅកន្លែងផ្សេងទៀតទូទាំងពិភពលោក។
យ៉ាងណាមិញ នៅក្នុងសារមួយដែលផ្ញើទៅកាន់បុគ្គលិក នៅថ្ងៃពុធ និងត្រូវបានបានបង្ហោះដោយ Business Insider លោក Mark បានសម្តែងការថ្លែងអំណរគុណដល់បុគ្គលិកដែលចាកចេញ និងបានព្យាយាមធានាដល់អ្នកដែលនៅសេសសល់។
លោកបានសរសេរថា ៖” វាតែងតែជារឿងគួរឱ្យសោកស្ដាយក្នុងការនិយាយលាទៅកាន់មនុស្សដែលបានចូលរួមចំណែកក្នុងបេសកកម្មរបស់យើង និងក្នុងការកសាងក្រុមហ៊ុននេះ។ ខ្ញូំមានអារម្មណ៍ថាមានសម្ពាធខ្លាំងណាស់ចំពោះរឿងទាំងនោះ”។
មិនតែប៉ុណ្ណោះ លោក Mark ក៏បានអះអាងផងដែរថា លោកមិនរំពឹងថានឹងមានការបញ្ឈប់បុគ្គលិកបន្ថែមទៀតរបស់ក្រុមហ៊ុន នៅឆ្នាំនេះទេ ហើយបានទទួលស្គាល់ថា ក្រុមហ៊ុនបានខ្វះខាតក្នុងការទំនាក់ទំនងជាមួយបុគ្គលិកជាមុន។
ក្រុមហ៊ុន Meta បានព្យាករថាការចំណាយមូលធននឹងឡើងដល់ចន្លោះពី ១២៥ពាន់លានដុល្លារ ទៅ ១៤៥ពាន់លានដុល្លារសម្រាប់ឆ្នាំនេះ ពោលគឺច្រើនជាងទ្វេដងនៃការចំណាយរបស់ក្រុមហ៊ុនសម្រាប់ឆ្នាំ២០២៥ ចំពេលកំពុងមានការផ្តោតខ្លាំងទៅលើបច្ចេកវិទ្យា AI ៕

