លោក Mark Zuckerberg បង្ហាញអារម្មណ៍ក្តុកក្តួល ក្រោយបណ្តេញបុគ្គលិក Meta រាប់ពាន់នាក់

អន្តរជាតិ

ក្រុមហ៊ុន Meta បានប្រកាសចាប់ផ្តើមបញ្ឈប់បុគ្គលិកចំនួន ៨ ០០០ នាក់ ឬប្រហែល ១០% នៃកម្លាំងពលកម្មសកលរបស់ខ្លួន ខណៈពេលដែលលោក Mark Zuckerberg ដែលជាស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុន បានបង្ហាញអារម្មណ៍ក្តុកក្តួលយ៉ាងខ្លាំង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយដាច់ឡែកមួយពី Bloomberg បានឲ្យដឹងថា ក្រុមហ៊ុន Meta បានជូនដំណឹងពីការបញ្ឈប់បុគ្គលិកទ្រង់ទ្រាយធំមួយ កាលពីថ្ងៃទី២០ ខែឧសភា​ ដោយចាប់ផ្តើមពីការិយាល័យនៅប្រទេសសិង្ហបុរីមុនគេ និងនៅកន្លែងផ្សេងទៀតទូទាំងពិភពលោក។

យ៉ាងណាមិញ​ នៅក្នុងសារមួយដែលផ្ញើទៅកាន់បុគ្គលិក នៅថ្ងៃពុធ និងត្រូវបានបានបង្ហោះដោយ Business Insider លោក Mark បានសម្តែងការថ្លែងអំណរគុណដល់បុគ្គលិកដែលចាកចេញ និងបានព្យាយាមធានាដល់អ្នកដែលនៅសេសសល់។

លោកបានសរសេរថា ៖” វាតែងតែជារឿងគួរឱ្យសោកស្ដាយក្នុងការនិយាយលាទៅកាន់មនុស្សដែលបានចូលរួមចំណែកក្នុងបេសកកម្មរបស់យើង និងក្នុងការកសាងក្រុមហ៊ុននេះ។ ខ្ញូំមានអារម្មណ៍ថាមានសម្ពាធខ្លាំងណាស់ចំពោះរឿងទាំងនោះ”។

មិនតែប៉ុណ្ណោះ លោក Mark ក៏បានអះអាងផងដែរថា លោកមិនរំពឹងថានឹងមានការបញ្ឈប់បុគ្គលិកបន្ថែមទៀតរបស់ក្រុមហ៊ុន នៅឆ្នាំនេះទេ ហើយបានទទួលស្គាល់ថា ក្រុមហ៊ុនបានខ្វះខាតក្នុងការទំនាក់ទំនងជាមួយបុគ្គលិកជាមុន។

ក្រុមហ៊ុន Meta បាន​ព្យាករថា​ការចំណាយ​មូលធន​នឹង​ឡើង​ដល់​ចន្លោះ​ពី ១២៥ពាន់​លាន​ដុល្លារ​ ទៅ ១៤៥ពាន់​លាន​ដុល្លារ​សម្រាប់​ឆ្នាំនេះ ពោលគឺច្រើន​ជាង​ទ្វេដង​នៃ​ការចំណាយ​របស់​ក្រុមហ៊ុន​សម្រាប់​ឆ្នាំ២០២៥ ចំពេលកំពុងមានការផ្តោតខ្លាំងទៅលើបច្ចេកវិទ្យា AI ៕