តម្លៃប្រេងអន្តរជាតិធ្លាក់ចុះវិញហើយ ក្រោយលោក ត្រាំ បង្ហាញពន្លឺនៃការចរចាជាមួយអ៊ីរ៉ង់

អន្តរជាតិ

តម្លៃប្រេងអន្តរជាតិបានធ្លាក់ចុះបន្តិចនៅថ្ងៃអង្គារនេះ បន្ទាប់ពីបានការកើនឡើងយ៉ាងខ្លាំងកាលពីវគ្គមុន ខណៈពេលដែលទីផ្សារនៅតែមានការប្រុងប្រយ័ត្នអំពីវឌ្ឍនភាពនៃការចរចាសន្តិភាពរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃចន្ទថា ការចរចាជាមួយអ៊ីរ៉ង់កំពុងដំណើរការ ស្របពេលទីភ្នាក់ងារសារព័ត៌មាន Tasnim បានរាយការណ៍មុននេះថា ទីក្រុងតេអេរ៉ង់ បានផ្អាកការចរចាដោយប្រយោលជាមួយទីក្រុងវ៉ាស៊ីនតោន។

យោងតាម Reuters បានបង្ហាញថា តម្លៃប្រេងឆៅប្រភេទ Brent បានធ្លាក់ចុះ ៧៥សេន ឬស្មើនឹង ០,៧៩% មកនៅត្រឹម ៩៤,២៣ដុល្លារក្នុងមួយបារ៉ែល ខណៈប្រេងឆៅប្រភេទ WTI របស់សហរដ្ឋអាមេរិក បានធ្លាក់ចុះ ៨៥សេន ឬ ០,៩២% មកនៅត្រឹម ៩១,៣១ដុល្លារក្នុងមួយបារ៉ែល។

ជុំវិញការធ្លាក់ចុះនៃតម្លៃប្រេងឆៅស្តង់ដាទាំងពីរ បានកើតឡើង បន្ទាប់ពីលោក ត្រាំ បានចេញសារមួយនៅលើបណ្តាញសង្គម ដោយនិយាយថា ការចរចាជាមួយអ៊ីរ៉ង់កំពុងបន្ត ហើយបានប្រាប់ទៅកាន់សារព័ត៌មាន ABC News ដោយរំពឹងថានឹងមានកិច្ចព្រមព្រៀងមួយដើម្បីពង្រីកបទឈប់បាញ់ និងបើកច្រកសមុទ្រ Hormuz ឡើងវិញក្នុងរយៈពេលមួយសប្តាហ៍ក្រោយ៕​