តម្លៃប្រេងអន្តរជាតិបានធ្លាក់ចុះបន្តិចនៅថ្ងៃអង្គារនេះ បន្ទាប់ពីបានការកើនឡើងយ៉ាងខ្លាំងកាលពីវគ្គមុន ខណៈពេលដែលទីផ្សារនៅតែមានការប្រុងប្រយ័ត្នអំពីវឌ្ឍនភាពនៃការចរចាសន្តិភាពរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃចន្ទថា ការចរចាជាមួយអ៊ីរ៉ង់កំពុងដំណើរការ ស្របពេលទីភ្នាក់ងារសារព័ត៌មាន Tasnim បានរាយការណ៍មុននេះថា ទីក្រុងតេអេរ៉ង់ បានផ្អាកការចរចាដោយប្រយោលជាមួយទីក្រុងវ៉ាស៊ីនតោន។
យោងតាម Reuters បានបង្ហាញថា តម្លៃប្រេងឆៅប្រភេទ Brent បានធ្លាក់ចុះ ៧៥សេន ឬស្មើនឹង ០,៧៩% មកនៅត្រឹម ៩៤,២៣ដុល្លារក្នុងមួយបារ៉ែល ខណៈប្រេងឆៅប្រភេទ WTI របស់សហរដ្ឋអាមេរិក បានធ្លាក់ចុះ ៨៥សេន ឬ ០,៩២% មកនៅត្រឹម ៩១,៣១ដុល្លារក្នុងមួយបារ៉ែល។
ជុំវិញការធ្លាក់ចុះនៃតម្លៃប្រេងឆៅស្តង់ដាទាំងពីរ បានកើតឡើង បន្ទាប់ពីលោក ត្រាំ បានចេញសារមួយនៅលើបណ្តាញសង្គម ដោយនិយាយថា ការចរចាជាមួយអ៊ីរ៉ង់កំពុងបន្ត ហើយបានប្រាប់ទៅកាន់សារព័ត៌មាន ABC News ដោយរំពឹងថានឹងមានកិច្ចព្រមព្រៀងមួយដើម្បីពង្រីកបទឈប់បាញ់ និងបើកច្រកសមុទ្រ Hormuz ឡើងវិញក្នុងរយៈពេលមួយសប្តាហ៍ក្រោយ៕

