កាលពីថ្ងៃទី៧ ខែមិថុនា សមាជិកសំខាន់ៗនៃអង្គការប្រទេសនាំចេញប្រេងធំបំផុត និងសម្ព័ន្ធមិត្តរបស់ខ្លួន (OPEC+) បានយល់ព្រមបង្កើនការផលិតនៅខែកក្កដា ចំនួន ១៨៨ ០០០ បារ៉ែលក្នុងមួយថ្ងៃ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នេះគឺជាលើកទីបួនជាប់ៗគ្នាដែលអង្គការនេះ បានបង្កើនការផលិត ទោះបីជាជម្លោះនៅមជ្ឈិមបូព៌ា បានរារាំងការផលិតនៅក្នុងប្រទេសជាសមាជិកជាច្រើនក៏ដោយ។ សរុបមក ក្នុងអំឡុងពេលខែមេសា-មិថុនា OPEC+ បានបង្កើនការផលិតប្រេងសរុបជិត ៦០០ ០០០ បារ៉ែលក្នុងមួយថ្ងៃ។
តែទោះជាយ៉ាងណាក៏ដោយ ទិន្នន័យរបស់ពួកគេក៏បង្ហាញផងដែរថា ការនាំចេញពីប្រទេសឈូងសមុទ្រ មានមធ្យមភាគត្រឹមតែ ៣៣,១៩ លានបារ៉ែលក្នុងមួយថ្ងៃ នៅក្នុងខែមេសា ដែលជាការថយចុះយ៉ាងខ្លាំងពីចំនួន ៤២,៧ លានបារ៉ែលនៅក្នុងខែកុម្ភៈ ពោលគឺមុនពេលជម្លោះចាប់ផ្តើម។
គួរឲ្យដឹងថា តម្លៃប្រេងឆៅពិភពលោកបានកើនឡើងបន្ថែមទៀត គិតនៅត្រឹមព្រឹកថ្ងៃទី៨ ខែមិថុនា បន្ទាប់ពីការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់ទៅលើអ៊ីស្រាអែល ដើម្បីសងសឹកចំពោះការវាយប្រហារលើរដ្ឋធានីលីបង់។ ប្រេងឆៅប្រភេទ Brent បច្ចុប្បន្នកើនឡើង ៣,៦% ដល់ ៩៦,៥០ដុល្លារ ក្នុងមួយបារ៉ែល។ មុនពេលមានជម្លោះ តម្លៃប្រេងដ៏សំខាន់នេះ គឺប្រហែល ៧២ដុល្លារ។
ជម្រាបជូនថា OPEC+ មានសមាជិកសរុុបចំនួន ២១ ប្រទេស។ តែទោះជាយ៉ាងណាក៏ដោយ ក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ មានតែប្រទេសសំខាន់ៗប៉ុណ្ណោះ ដូចជាអារ៉ាប៊ីសាអូឌីត អ៊ីរ៉ាក់ គុយវ៉ែត អាល់ហ្សេរី កាហ្សាក់ស្ថាន រុស្ស៊ី អូម៉ង់ និងអារ៉ាប់រួម ដែលបានចូលរួមក្នុងការកំណត់គោលនយោបាយផលិតកម្ម។ អារ៉ាប់រួម ដែលជាសមាជិកសំខាន់បំផុតមួយ បានប្រកាសចាកចេញពីអង្គការនេះ នៅក្នុងខែឧសភាកន្លងទៅ៕

