ឧកញ៉ា សុង សារ៉ន ប្រកាសគ្រោងដាក់ដំណើរការរោងចក្រវេចខ្ចប់អង្ករ Amru Rice ថ្មី លើផ្ទៃដីជាង ២ហិកតា នៅខេត្តកំពង់ស្ពឺ

ជុំវិញ​ឧកញ៉ា

ឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុន អេមរុរ៉ាយស៍ (Amru Rice Co., Ltd) និងជាប្រធានក្រុមប្រឹក្សាភិបាល​សហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦នេះ បានប្រកាសគ្រោងដាក់ដំណើរការ​រោងចក្រ​វេចខ្ចប់អង្ករ Amru Rice ថ្មី លើផ្ទៃដីជាង ២ហិកតា នៅខេត្តកំពង់ស្ពឺ នៅពាក់កណ្តាលឆ្នាំ២០២៧ ខាងមុខនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈបណ្តាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃព្រហស្បតិ៍នេះ លោកឧកញ៉ា សុង សារ៉ន បានលើកឡើង​បែបនេះ​ថា៖ “ឆ្ពោះទៅអនាគតបៃតង និងនិរន្តរភាព! រោងចក្រវេចខ្ចប់អង្ករ Amru Rice ថ្មី លើផ្ទៃដីជាង ២ ហិកតា នៅខេត្តកំពង់ស្ពឺ គ្រោងដាក់តំណើរការ ពាក់កណ្តាលឆ្នាំ២០២៧ ត្រូវបានរចនាឡើងស្របតាមគោលការណ៍​អគារបៃតង និងស្តង់ដារអន្តរជាតិ ដើម្បីបង្កើនប្រសិទ្ធភាពថាមពល គ្រប់គ្រងទឹក និង ធនធានធម្មជាតិប្រកប​ដោយការទទួល​ខុសត្រូវ លើកកម្ពស់សុខុមាលភាពបុគ្គលិក”។

សូមជម្រាបថា ក្រុមហ៊ុន​ អេមរុរ៉ាយស៍​ (Amru Rice Co., Ltd) ជាក្រុមហ៊ុននាំចេញអង្ករ​ឈានមុខគេ​មួយ​នៅកម្ពុជា និងជាក្រុមហ៊ុនមួយតែងប្តេជ្ញាគាំទ្រកសិករ និងសហគមន៍កសិកម្ម ក្នុងការផលិតពូជស្រូវដែលមាន​គុណភាព​ខ្ពស់ ប្រកបដោយនិរន្តរភាព ដើម្បីនាំចេញទៅទីផ្សារអន្តរជាតិ។ កាលចុងឆ្នាំ២០២៤ ឧកញ៉ា សុង សារ៉ន ក៏បានបោះទុនថវិកាដល់ទៅ ៣លានដុល្លារ បង្កើតឃ្លាំងស្តុក ឡ​សម្ងួត​ស្រូវ​ និងដំឡើង​ម៉ាស៊ីនកិនស្រូវ នៅឃុំរយ៉ ស្រុកកោះញ៉ែក​ ខេត្តមណ្ឌលគិរី​ ផងដែរ៕