សភាពាណិជ្ជកម្មនិងឧស្សាហកម្មកូរ៉េ (KCCI) បានបញ្ជាក់ថា នឹងជំរុញទៅកាន់សហគមន៍ធុរកិច្ចពីកូរ៉េ បង្វែរទិសដៅមកសិក្សាស្វែងយល់ ពិនិត្យលទ្ធភាពនិងឱកាសក្នុងការបណ្តាក់ទុននៅកម្ពុជាបន្ថែមទៀត។នេះបើយោងតាមជំនួបពិភាក្សារវាងលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ជាមួយលោក Yeo Han-koo រដ្ឋមន្ត្រីទទួលបន្ទុកពាណិជ្ជកម្ម នៃសាធារណរដ្ឋកូរ៉េ នៅទីស្នាក់ការកណ្តាលនៃសភាពាណិជ្ជកម្មនិងឧស្សាហកម្មកូរ៉េ (KCCI) កាលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦។

នាឱកាសនោះ លោក ស៊ុន ចាន់ថុល បានរំលេចអំពីបរិស្ថានធុរកិច្ច និងបរិយាកាសវិនិយោគនៅកម្ពុជា ដែលមានភាពរស់រវើកនិងអំណោយផលខ្ពស់ចំពោះការវិនិយោគដោយផ្ទាល់ពីបរទេស ជាមួយលក្ខខណ្ឌអនុគ្រោះនៃច្បាប់ស្តីពីវិនិយោគ ដែលមានលក្ខណៈបើកចំហ បត់បែន និងផ្តល់ការយកចិត្តទុកដាក់ខ្ពស់ដល់វិនិយោគិន។
លោក ក៏លើកឡើងពីការផ្តល់នូវសេវាថែទាំគាំទ្រវិនិយោគ ដែលកំពុងមានប្រតិបត្តិការ តាមរយៈការទទួលស្តាប់ និងស្វែងរកដំណោះស្រាយលើញ្ហាប្រឈមរបស់វិនិយោគិន ជាមួយយន្តការនានាដែលបានដាក់ចេញ ជាអាទិ៍រួមមាន៖ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF), កិច្ចសន្ទនារវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-កូរ៉េ (PPSD), និងកម្មវិធីទទួលទានអាហារពេលព្រឹកធុរកិច្ច ដែលស្ថាប័នរដ្ឋបានសហការយ៉ាងជិតស្និទ្ធជាមួយសភាពាណិជ្ជកម្មអន្តរជាតិ និងស្ថាប័នពាក់ព័ន្ធ។

ជាការឆ្លើយតប លោករដ្ឋមន្ត្រីកូរ៉េ បានកត់សម្គាល់លើសន្ទុះនៃការអភិវឌ្ឍរបស់កម្ពុជា ទាំងផ្នែកសង្គមនិងសេដ្ឋកិច្ច ដែលធ្វើឱ្យកម្ពុជាក្លាយជាគោលដៅទាក់ទាញមួយ ប្រកបដោយភាពប្រកួតប្រជែងនៅក្នុងតំបន់។ លោកប្តេជ្ញាបន្តថែរក្សាកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី ព្រមទាំងបន្តគាំទ្រនិងជំរុញឱ្យសហគមន៍ធុរកិច្ចពីកូរ៉េ បង្វែរទិសដៅមកសិក្សាស្វែងយល់ ពិនិត្យលទ្ធភាពនិងឱកាសក្នុងការបណ្តាក់ទុននៅកម្ពុជាបន្ថែមទៀត ជាពិសេសលើវិស័យដែលផ្តល់នូវតម្លែបន្ថែមខ្ពស់។
សូមជម្រាបដែរថា តាមរយៈជំនួបនោះ ភាគីទាំងពីរ ក៏បានពិភាក្សាលើការទាញយកផលប្រយោជន៍ជាអតិបរមាពី កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA) ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីបន្ថែមទៀតផងដែរ៕អត្ថបទ៖ហ្សាលីន




