លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ថ្នាក់ដឹកនាំកំពូលៗ ក្រុមហ៊ុនយក្ស ជីប ម៉ុង ២រូប អញ្ជើញចូលជួបសម្ដេច​មហាបវរធិបតី ពិភាក្សាការងារឧស្សាហ៍កម្មសុីម៉ងត៍នៅកម្ពុជា

ជុំវិញ​ឧកញ៉ា

នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២៦នេះ លោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុម​ប្រឹក្សាភិបាលនៃក្រុមហ៊ុន ជីប ម៉ុង គ្រុប និងអ្នកឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយកក្រុមហ៊ុន ស៊ីម៉ងត៍អូដ្ឋ និងស៊ីម៉ងត៍វី ជីប ម៉ុង បានអញ្ជើញចូលរួមជាមួយប្រតិភូសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា ជួបសម្តេចមហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីជជែកពិភាក្សា​លើការងារ​ឧស្សាហកម្មសុីម៉ងត៍នៅកម្ពុជា នៅវិមានសន្តិភាព។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបខាងលើនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ដន៍, ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា។ ក្នុងនោះ ក៏មានវត្តមាន លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រី​រាជការ​មួយចំនួនទៀត។

សមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា (CCMA) គឺជាស្ថាប័នមួយដែលដើរតួនាទី​យ៉ាង​សំខាន់​ក្នុងការជំរុញ និងអភិវឌ្ឍវិស័យឧស្សាហកម្មស៊ីម៉ងត៍នៅកម្ពុជា។ សមាគមនេះតែងតែរៀបចំកិច្ច​ប្រជុំជាទៀងទាត់ ដើម្បីពិភាក្សាអំពីស្ថានភាពផលិតកម្ម ការពង្រីកទីផ្សារ និងការស្វាគមន៍សមាជិកថ្មី។ សមាគមនេះ​មានសមាជិក​ជាក្រុមហ៊ុនផលិតស៊ីម៉ងត៍សំខាន់ៗ នៅក្នុងប្រទេសកម្ពុជា ដូចជា ក្រុមហ៊ុនកំពត ស៊ីមេន, ក្រុមហ៊ុនស៊ីម៉ង់ត៍ ចក្រីទីង, ក្រុមហ៊ុន ស៊ីម៉ងត៍ ថៃ ប៊ុនរ៉ុង ខមភេនី លីមីធីត និងក្រុមហ៊ុនជីបម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន។

សូមជម្រាបថា សុីម៉ងត៍អូដ្ឋ ជាផលិតផលរបស់ក្រុមហ៊ុន ជីប ម៉ុង ដែលជាក្រុមហ៊ុនរបស់កូនខ្មែរ តែងតែឈរ​លើស្មារតី ខ្មែរជួយខ្មែរ ខ្មែរស្រឡាញ់ខ្មែរ ក្រុមហ៊ុន ជីប ម៉ុង តែងតែចូលរួមចំណែកក្នុងកិច្ចការសង្គម ឧបត្ថម្ភ​ទាំងថរិការ និងសំភារៈ ហើយថ្មីៗនេះក្រុមហ៊ុន ជីប ម៉ុង បានចូលរួមយ៉ាងសកម្ម ឧបត្ថម្ភដល់វីរៈកងទ័ព នៅឯព្រំដែនផងដែរ៕