មហាសេដ្ឋីមានដាច់គេនៅវៀតណាម ក្លាយជាម្ចាស់ភាគហ៊ុនដ៏សំខាន់របស់ធនាគារ LPBank

អន្តរជាតិ

ធនាគារពាណិជ្ជកម្មភាគហ៊ុនវៀតណាម (LPBank) កាលពីពេលថ្មីៗនេះបានបង្ហាញថា មហាសេដ្ឋីលំដាប់កំពូលរបស់ប្រទេស លោក Pham Nhat Vuong និងជាប្រធានក្រុមហ៊ុន Vingroup បានក្លាយជាម្ចាស់ភាគហ៊ុនដ៏សំខាន់ម្នាក់របស់ធនាគារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែល បានរាយការណ៍ឲ្យដឹងទៀតថា លោក Vuong បានក្លាយជាម្ចាស់ភាគហ៊ុនចំនួន ៤,៨៩% នៃដើមទុនចុះបញ្ជីរបស់ធនាគារ ដែលស្មើទៅនឹងប្រមាណ ១៤៦,២ លានហ៊ុន។

យ៉ាងណាមិញ សាជីវកម្មប្រៃសណីយ៍វៀតណាម (VNPost) នៅតែជាម្ចាស់ភាគហ៊ុនធំជាងគេរបស់ធនាគារ LPBank ដោយកាន់កាប់ ៦,៥៣% នៃដើមទុនចុះបញ្ជី ដែលស្មើនឹង ១៩៥,៣ លានហ៊ុន។

គួរជម្រាបជូនថា ក្រៅពី VNPost និងលោក Pham Nhat Vuong គ្មានម្ចាស់ភាគហ៊ុនណាមួយ ដែលបច្ចុប្បន្នមានភាគហ៊ុនច្រើនជាង ១% នៃដើមទុនចុះបញ្ជីរបស់ធនាគារ LPBank នោះទេ។ ដើមទុនចុះបញ្ជីរបស់ LPBank បច្ចុប្បន្នមានចំនួនជិត ៣០ពាន់ពាន់លានដុង (១,១៥ពាន់លានដុល្លារ)៕​