តុលាការអាមេរិក ទើបតែចេញសម្រេចមួយ ដើម្បីរារាំងផែនការរបស់ប្រធានាធាធិបតីលោក ដូណាល់ ត្រាំ ក្នុងការដាក់ពន្ធគយទៅវិញទៅមក ដោយរកឃើញថាលោកបានធ្វើលើសពីសិទ្ធិអំណាចរបស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

កាលពីថ្ងៃទី២៨ ខែឧសភា តុលាការពាណិជ្ជកម្មអន្តរជាតិ នៅទីក្រុង Manhattan បានចេញសេចក្តីសម្រេចរារាំងទៅលើផែនការយកពន្ធរបស់លោក ត្រាំ ដោយបានបញ្ជាក់ថា ក្រោមរដ្ឋធម្មនុញ្ញអាមេរិក សភាមានអំណាចគ្រប់គ្រងពាណិជ្ជកម្មអាមេរិកជាមួយបរទេស។ ហើយអំណាចនេះ នឹងមិនត្រូវត្រួតត្រាដោយអំណាចរបស់ប្រធានាធិបតីបាននោះឡើយ។
ចៅក្រមបាននិយាយថា ច្បាប់អំណាចសេដ្ឋកិច្ចបន្ទាន់ឆ្នាំ១៩៧៧ (IEEPA) ដែលលោក ត្រាំ ធ្លាប់លើកយកមកអះអាង តាមពិតមិនបានផ្តល់ឲ្យលោកនូវអំណាច ក្នុងការដាក់ចេញផែនការពន្ធទៅវិញទៅមកនេះ នោះទេ។ ចៅក្រម បាននិយាយទៀតថា បទបញ្ជាប្រតិបត្តិរបស់លោក ត្រាំ ហាក់លើសពីសិទ្ធិអំណាចដែល IEEPA ផ្តល់ឲ្យប្រធានាធិបតី ដើម្បីគ្រប់គ្រងការនាំចូលតាមរយៈពន្ធគយ។
ទន្ទឹមនឹងនេះ ចៅក្រមបានផ្តល់ពេល ១០ថ្ងៃដល់រដ្ឋបាល ត្រាំ ដើម្បីចេញបទបញ្ជាថ្មី ដែលត្រូវតែអនុលោមទៅតាមបម្រាមរបស់តុលាការ។ ប៉ុន្មាននាទីក្រោយមក រដ្ឋបាល ត្រាំ បានប្តឹងឧទ្ធរណ៍ និងចោទសួរពីដែនសមត្ថកិច្ចរបស់តុលាការវិញ។
ជម្រាបជូនផងដែរថា ជុំវិញបណ្តឹងចុងក្រោយនេះ គឺជាបញ្ហាប្រឈមផ្លូវច្បាប់មួយក្នុងចំណោមបញ្ហាប្រឈមផ្លូវច្បាប់ចំនួនប្រាំពីរផ្សេងទៀត ដែលបានប្រឆាំងទៅនឹងគោលនយោបាយពន្ធគយរបស់លោក ត្រាំ រួមជាមួយនឹងបណ្តឹងពីរដ្ឋចំនួន ១៣ របស់សហរដ្ឋអាមេរិក និងក្រុមអាជីវកម្មខ្នាតតូចជាច្រើនទៀត៕

