យោងតាមទិន្នន័យពីប្រភពពាណិជ្ជកម្ម បានបង្ហាញថា ការពឹងផ្អែករបស់ឥណ្ឌាលើប្រេងឆៅរបស់រុស្ស៊ី បានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងខែកក្កដា ដោយការដឹកជញ្ជូនពីប្រទេសនេះមានចំនួន ៥០,៨៣% នៃការនាំចូលសរុប ឬស្មើប្រមាណ ២,៤៧ លានបារ៉ែលក្នុងមួយថ្ងៃ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ទិន្នន័យបានបង្ហាញខាងលើបានបង្ហាញទៀតថា ការនាំចូលប្រេងរបស់ឥណ្ឌាក្នុងខែកក្កដា បានកើនឡើង ៦២,៤% បើធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ប៉ុន្តែបានធ្លាក់ចុះ ៤,៨% ពីតួលេខនាំចូលបំបែកកំណត់ត្រាក្នុងខែមិថុនា ដែលមានចំនួន ២,៦ លានបារ៉ែលក្នុងមួយថ្ងៃ។
គួរឲ្យដឹងថា ក្នុងខែមករា ក្រុមហ៊ុនចម្រាញ់ប្រេងរបស់ឥណ្ឌា បានចាប់ផ្តើមកាត់បន្ថយការនាំចូលប្រេងរបស់រុស្ស៊ីដើម្បីជៀសវាងការទទួលរងពន្ធខ្ពស់របស់សហរដ្ឋអាមេរិក ខណៈពេលដែលទីក្រុងញូវដេលីកំពុងចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយទីក្រុងវ៉ាស៊ីនតោន។
តែទោះជាយ៉ាងណាក៏ដោយ ការរំខានដល់ការផ្គត់ផ្គង់នៅមជ្ឈិមបូព៌ាដែលបង្កឡើងដោយសង្គ្រាមអ៊ីរ៉ង់បានបង្ខំឱ្យក្រុមហ៊ុនចម្រាញ់ប្រេងរបស់ឥណ្ឌា បន្តទិញប្រេងរបស់រុស្ស៊ីឡើងវិញ។
មិនតែប៉ុណ្ណោះ យោងទិន្នន័យបានបង្ហាញទៀតថា ចំណែកនៃការនាំចូលប្រេងឆៅពីរុស្ស៊ីរបស់ឥណ្ឌា បានកើនឡើងដល់កម្រិតខ្ពស់បំផុត ៤៣,២៥% ក្នុងរយៈពេលបួនខែដំបូងនៃឆ្នាំហិរញ្ញវត្ថុដែលបានចាប់ផ្តើមនៅក្នុងខែមេសា ដែលមានមធ្យមជាង ២ លានបារ៉ែលក្នុងមួយថ្ងៃ ពោលគឺបានកើនឡើងពីប្រហែល ៣៧% កាលពីមួយឆ្នាំមុន៕

