Meta ដែលជាក្រុមហ៊ុនមេរបស់ Facebook បានដាក់បង្ហាញវ៉ែនតាឆ្លាតវៃជំនាក់ថ្មីរបស់ខ្លួនដែលដំណើរការដោយបច្ចេកវិទ្យា AI ត្រូវបានបង្កើតឡើងក្នុងភាពជាដៃគូជាមួយក្រុមហ៊ុន EssilorLuxottica ដោយភ្ជាប់មកជាមួយនឹងការរចនាថ្មីៗជាច្រើន រួមតាំងមានលក្ខណៈពិសេសៗពាក់ព័ន្ធជាមួយបញ្ញាសិប្បនិម្មិតផងដែរ។ នេះបើយោងទីភ្នាក់ងារសារព័ត៌មាន Qazinform។

ផលិតផលថ្មី ដែលមានឈ្មោះថា Meta Glasses ត្រូវបង្កើតឡើងដោយផ្អែកលើភាពជោគជ័យនៃវ៉ែនតា AI ដែលមានស្រាប់របស់ក្រុមហ៊ុន ហើយវានឹងមានលក់ដោយចាប់ផ្តើមពីតម្លៃ ២៩៩ដុល្លារនៅក្នុងទីផ្សារជាច្រើន រួមទាំងសហរដ្ឋអាមេរិក កាណាដា ចក្រភពអង់គ្លេស អូស្ត្រាលី និងប្រទេសមួយចំនួននៅអឺរ៉ុប ផងដែរ។
បើតាមក្រុមហ៊ុន Meta បាននិយាយថា វ៉ែនតាទាំងនេះត្រូវបានរចនាឡើងដើម្បីដំណើរការជាជំនួយការ AI ពេញមួយថ្ងៃ ដោយផ្តល់នូវការចូលប្រើដោយមិនចាំបាច់ប្រើដៃទៅកាន់ប្រព័ន្ធ Meta AI របស់ក្រុមហ៊ុន។ វ៉ែនតា Meta ជំនាន់ថ្មីនេះ គឺជាវ៉ែនតាដំបូងគេដែលបានចេញលក់ជាមួយនឹង Meta AI ដែលដំណើរការដោយ Muse Spark ជាម៉ូដែលមួយត្រូវបានបង្កើតឡើងដោយ Meta Superintelligence Labs ដែលជួយបង្កើនសមត្ថភាពរបស់ជំនួយការក្នុងការចាប់យកសំឡេង រូបភាព និងបរិបទជុំវិញ។
ជម្រាបជូនថា Meta Glasses ជំនាន់ថ្មីនេះ ក៏មានភ្ជាប់មកជាមួយលក្ខណៈពិសេសផ្សេងៗទៀត រួមមាន ឧបករណ៍បំពងសំឡេងជិតត្រចៀក សម្រាប់ស្តាប់តន្ត្រី និងការហៅទូរសព្ទ ថតរូបភាព និងវីដេអូដោយមិនចាំបាច់ប្រើដៃ និងប៊ូតុង AI ដែលអាចប្រើប្រាស់ត្រឹមតែសម្លេងសម្រាប់បញ្ជាបានយ៉ាងឆាប់រហ័ស។ វ៉ែនតានេះផ្តល់នូវអាយុកាលថ្មជាងប្រាំបីម៉ោង ខណៈពេលដែលប្រអប់សាកដែលភ្ជាប់មកជាមួយអាចផ្តល់នូវការប្រើប្រាស់បន្ថែមរហូតដល់ ៤០ម៉ោង៕

