កម្ពុជា ជំរុញការវិនិយោគ និងផលិតកម្មកម្រិតខ្ពស់ នៅក្នុងកិច្ចប្រជុំអ្នកដឹកនាំធុរកិច្ចអាស៊ី ដើម្បីស្វាគមន៍វិនិយោគិនសម្រាប់ភាពជាដៃគូរយៈពេលវែង សំដៅឈានទៅជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាបន្ថែមទៀត។នេះបើយោងតាមហ្វេសប៊ុករបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ផ្សាយចេញកាលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦។

ក្រសួងឧស្សាហកម្ម បានបន្តថា នៅរាជធានីភ្នំពេញ ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចូលរួមជាមួយអ្នកដឹកនាំធុរកិច្ចមកពីទូទាំងតំបន់អាស៊ី ក្នុងកម្មវិធី Asia Prestige 50 Under 50 CEO Excellence Award 2026។
ថ្លែងក្នុងកម្មវិធី លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានបញ្ជាក់ថា កម្ពុជាគឺជាគោលដៅដ៏ទាក់ទាញសម្រាប់ការវិនិយោគ ពិសេសក្នុងវិស័យឧស្សាហកម្ម និងផលិតកម្មកម្រិតខ្ពស់។ លោករដ្ឋមន្ត្រីបានលើកឡើងបន្ថែមថា៖“សាររបស់យើងទៅកាន់វិនិយោគិន គឺសាមញ្ញ៖ កម្ពុជាបើកចំហសម្រាប់ការធ្វើធុរកិច្ច។ លើសពីនេះ កម្ពុជាស្វាគមន៍វិនិយោគិនសម្រាប់ភាពជាដៃគូរយៈពេលវែង។”

សូមជម្រាបដែរថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ចេញផែនការ និងជំរុញ លើ៤ចំនុចសំខាន់ ដើម្បីបង្កើនភាពប្រកួតប្រជែង និងផ្តល់បរិយាកាសអំណោយផលដល់វិនិយោគិននៅក្នុងប្រទេសក្នុងរយៈពេលវែង។ផែនការទាំង៤ រួមមានជាអាទិ៍៖១.ផែនការកាត់បន្ថយថ្លៃដើមពាណិជ្ជកម្ម និងការវិនិយោគ ២. ទិសដៅជំរុញការអភិវឌ្ឍប្រភពថាមពលស្អាត រំពឹងថានឹងបានដល់ ៧០% នៃការប្រើប្រាស់ថាមពលសរុបក្នុងឆ្នាំ២០៣០ ៣.ការប្រយុទ្ធប្រឆាំងបទល្មើសអនឡាញតាមរយៈការដាក់ចេញនូវ “ច្បាប់ស្តីពីការប្រឆាំងការបោកតាមប្រព័ន្ធបច្ចេកវិទ្យា” និង ៤. ការធ្វើឱ្យប្រសើរឡើងនូវកិច្ចសម្របសម្រួលវិនិយោគជាមួយ យន្តការផ្នែករដ្ឋនិងវិស័យឯកជននានាដែលបានដាក់ចេញ, ការចាប់យកឌីជីថលូបនីយកម្មលើសេវាសាធារណៈ ដូចជាការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធcdcIPM និងការតភ្ជាប់ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីសម្រួលបន្ថែមជូនវិនិយោគិនមួយកម្រិតទៀត ព្រមទាំងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តក្នុងទីស្តីការ ក.អ.ក. ដើម្បីបង្ខិតសេវាសាធារណៈឱ្យកាន់តែជិតវិនិយោគិនគោលដៅ។នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ថ្លែងក្នុងពិធីអបអរសាទរសមិទ្ធផលថ្មី កើតចេញពីស្នាដៃកុលបុត្រខ្មែរ រថយន្តម៉ូឌែល TOYOTA HILUX TRAVO កាលទី២ ខែកក្កដា ឆ្នាំ២០២៦៕អត្ថបទ៖ហ្សាលីន

