គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា កាន់តែកៀកតភ្ជាប់គ្នាហើយ ខណៈបច្ចុប្បន្នគម្រោងនេះ សម្រេចបានជិត៨០% ហើយ គិតត្រឹមដើមខែកក្កដាឆ្នាំ២០២៦ នេះ។នេះបើយោងតាមការឱ្យដឹងពីលោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦។

លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ទៀតថា នៅចុងឆ្នាំ២០២៦ខាងមុខនេះ ស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា នឹងត្រូវភ្ជាប់គ្នាហើយ ដែលជាដំណាក់កាល នៃការភ្ជាប់និស្ស័យអ្នកត្រើយខាងលិច និងត្រើយខាងទន្លេ។ លោកថា គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបាន ៧៩% ហើយ គិតត្រឹមដើមខែកក្កដាឆ្នាំ២០២៦ នេះ។
លោក ផន រឹម បន្ថែមថា វឌ្ឍនភាពគម្រោងស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបានរួមមាន ៖ ១. ផ្នែកគ្រឹះស្ពាន សម្រេច ១០០%។ ២. រចនាសម្ព័ន្ធ ក្រោមស្ពានសម្រេចបាន១០០ % ។ ៣. រចនាសម្ព័ន្ធលើនៃស្ពានតភ្ជាប់ សម្រេចបាន១០០%។ ៤. រចនាសម្ព័ន្ធលើនៃស្ពានមេ សម្រេចបាន៨៤%។ ៥.បណ្តាញ ផ្លូវសម្រេចបាន ៥១% (តភ្ជាប់ ប្រវែង ៨០៤,៣០ម. សម្រេចបាន ៥០% និងផ្លូវបង្វែរទិស( Ram) ប្រវែង ១,៥៤១ម. សម្រេចបាន ៥០%)។

សូមជម្រាបដែរថា ស្ពានចាក់អង្រែក្រោម-ព្រែកប្រា បានសម្ពោធបើកការដ្ឋានកាលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។តាមដំណើរការស្ថាបនាស្ពាននេះ គឺមិនមានភាពយឺតយ៉ាវជាងកម្មវិធីការងារដែលគ្រោងទុកទេ ដោយត្រៀមបញ្ចប់ការសាងសង់ទាំងស្រុងនៅចុងឆ្នាំ២០២៧ខាងមុខ៕ អត្ថបទ៖ហ្សាលីន


