កម្ពុជា-ជប៉ុន បើកកិច្ចពិភាក្សាលើគម្រោងស្តារ និងកែលម្អសំណង់រំដោះទឹកជំនន់ភាគនិរតីរាជធានីភ្នំពេញ

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជា-ជប៉ុន នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ នេះ បានបើកកិច្ចពិភាក្សាលើគម្រោងស្តារ និងកែលម្អសំណង់រំដោះទឹកជំនន់ភាគនិរតីរាជធានីភ្នំពេញ។ កិច្ចប្រជុំនេះ ដឹកនាំដោយលោក ពេជ្រ វាសនា អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ដោយមានការចូលរួមពីក្រុមការងារបច្ចេកទេស ក្រុមបេសកកម្មស្វែងរកការពិត (Fact-Finding Mission) របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) មកពីទីក្រុងតូក្យូ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ លោក ពេជ្រ វាសនា អនុរដ្ឋលេខាធិការ បានមានប្រសាសន៍បញ្ជាក់ថា កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិភាក្សា និងបូកសរុបលទ្ធផលការងារលើការស្នើសុំឥណទានសម្បទានថ្មី សម្រាប់ «គម្រោងស្តារឡើងវិញ និងកែលម្អសំណង់ដោះទឹកជំនន់ភាគនិរតីរាជធានីភ្នំពេញ» (Southwest Phnom Penh Flood Protection Drainage Facilities Rehabilitation and Improvement Project)។

សូមជម្រាបដែរថា គម្រោងស្តារ និងកែលម្អសំណង់ដោះទឹកជំនន់ភាគនិរតីរាជធានីភ្នំពេញ គឺមានគោលដៅយុទ្ធសាស្ត្រក្នុងការលើកកម្ពស់សមត្ថភាពប្រព័ន្ធរំដោះទឹក និងការពារទឹកជំនន់នៅតំបន់ភាគនិរតីនៃរាជធានីភ្នំពេញ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ សំដៅធានាសុវត្ថិភាព ស្ថិរភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋ និងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប្រកបដោយចីរភាព៕ អត្ថបទ​៖ហ្សាលីន