ភ្នំពេញ៖ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានទទួលជួបពិភាក្សាការងារជាមួយក្រុមការងារនៃផលិតកម្មបារមី ដើម្បីពិភាក្សាអំពីវឌ្ឍនភាព និងផែនការត្រៀមរៀបចំព្រឹត្តិការណ៍សិល្បៈដ៏ធំប្រចាំឆ្នាំ «Rise for Khmer ២០២៦»។

បើតាមសមាគមសិល្បករខ្មែរ បានឱ្យដឹងថា នៅក្នុងជំនួបនេះ លោកជំទាវអ្នកឧកញ៉ា បានបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់លើការលើកកម្ពស់វិស័យសិល្បៈ និងវប្បធម៌ខ្មែរ តាមរយៈការបង្កើតព្រឹត្តិការណ៍ដែលមានគុណភាព និងមានលក្ខណៈច្នៃប្រឌិត។ កិច្ចពិភាក្សាបានផ្ដោតសំខាន់លើការរៀបចំយុទ្ធសាស្ត្រ ដើម្បីធានាឱ្យព្រឹត្តិការណ៍ឆ្នាំនេះ កាន់តែមានភាពអធិកអធម និងទទួលបានជោគជ័យបន្ថែមទៀត ក្នុងការនាំយកស្នាដៃសិល្បករខ្មែរទៅកាន់ឆាកជាតិ និងអន្តរជាតិ។
ផលិតកម្មបារមី ដែលជាដៃគូសហការយ៉ាងជិតស្និទ្ធ បានបង្ហាញនូវការប្តេជ្ញាចិត្តក្នុងការសម្របសម្រួល និងរៀបចំកម្មវិធីឱ្យស្របតាមទស្សនវិស័យរបស់លោកជំទាវអ្នកឧកញ៉ា ដើម្បីលើកស្ទួយស្មារតីសិល្បករខ្មែរ និងបង្កើតឱកាសថ្មីៗសម្រាប់យុវជនក្នុងវិស័យសិល្បៈ។
សូមជម្រាបថា ព្រឹត្តិការណ៍ «Rise for Khmer ២០២៦» ត្រូវបានរំពឹងថានឹងក្លាយជាវេទិកាដ៏សំខាន់មួយទៀត ក្នុងការបង្ហាញពីសក្ដានុពលសិល្បៈសម័យរបស់កម្ពុជា ទៅកាន់ទស្សនិកជនគ្រប់មជ្ឈដ្ឋាន។






