ជប៉ុន កត់ត្រាចំនួនប្រជាជនថយចុះតិចជាង ១២០ លាននាក់ជាលើកដំបូង អស់រយៈពេលជាច្រើនទសវត្ស

អន្តរជាតិ

យោងតាមទិន្នន័យរបស់រដ្ឋាភិបាល បានបង្ហាញកាលពីពេលថ្មីៗនេះថា ចំនួនប្រជាជនជប៉ុនដែលរស់នៅក្នុងប្រទេស បានធ្លាក់ចុះក្រោម ១២០លាននាក់ជាលើកដំបូង ក្នុងរយៈពេល ៤២ឆ្នាំចុងក្រោយ ខណៈពេលដែលប្រទេសនេះកំពុងប្រឈមមុខនឹងអត្រាកំណើតទាប និងសង្គមវ័យចំណាស់កាន់តែច្រើន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គិតត្រឹមថ្ងៃទី១ ខែមករា ចំនួនប្រជាជនជប៉ុននៅក្នុងប្រទេសជប៉ុនមានចំនួន ១១៩,៧៤ លាននាក់ ពោលគឺបានធ្លាក់ចុះ ០,៧៦% ពីឆ្នាំមុន។ នេះបើយោងតាមក្រសួងកិច្ចការផ្ទៃក្នុង និងទំនាក់ទំនងបានបង្ហាញ។

គួរឲ្យដឹងផងដែរថា ចំនួនប្រជាជនជប៉ុនបានធ្លាក់ចុះអស់រយៈពេល ១៧ឆ្នាំជាប់ៗគ្នារួចមកហើយ គិតចាប់តាំងពីឡើងដល់កំពូលក្នុងឆ្នាំ២០០៩ មក។តែទោះជាយ៉ាងណាក៏ដោយ ចំនួនប្រជាជនបរទេសដែលរស់នៅក្នុងប្រទេសជប៉ុនបានឈានដល់កម្រិតខ្ពស់បំផុត។

មិនតែប៉ុណ្ណោះ ទិន្នន័យនៅក្នុងខែមិថុនាបានបង្ហាញថាអត្រាមានកូនរបស់ប្រទេសជប៉ុនបានធ្លាក់ចុះម្តងទៀតកាលពីឆ្នាំមុនដល់កម្រិតទាបបំផុតថ្មីមួយ ដែលបង្ហាញពីវិបត្តិប្រជាសាស្ត្រដែលកំពុងវាយប្រហារលើប្រទេសដែលមានសេដ្ឋកិច្ចធំទីបួនរបស់ពិភពលោកមួយនេះ។ ភាពអាសន្នដែលកំពុងឆាបឆេះយឺតៗនេះ កំពុងនាំឱ្យមានកង្វះខាតកម្លាំងពលកម្ម វិក្កយបត្រសន្តិសុខសង្គមកើនឡើង និងមូលដ្ឋានពន្ធថយចុះ។

គួរជម្រាបជូនថា ដោយមានប្រជាជនអាយុជាមធ្យម ៤៩,៩ឆ្នាំ ប្រទេសជប៉ុនមានចំនួនប្រជាជនចំណាស់ជាងគេបំផុតទីពីរនៅលើពិភពលោក បន្ទាប់ពីប្រទេសម៉ូណាកូ។ នេះបើយោងតាមរបាយការណ៍ពីធនាគារពិភពលោក World Bank៕​