ពាណិជ្ជករកាណាដា ចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថាននៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ពាណិជ្ជករកាណាដា ចាប់អារម្មណ៍លើសក្តានុពលខ្ពស់ នៃវិស័យបរិស្ថានរបស់កម្ពុជា ដោយមានបំណងចូលរួមចំណែកបន្ថែមទៀត ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ស្រមតាមគោលនយោបាយ និងយុទ្ធសាស្ត្របៃតងរបស់រាជរដ្ឋាភិបាលកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការចាប់អារម្មណ៍នេះត្រូវបានស្តែងឡើងតាមរយៈជំនួបរវាង លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជាមួយប្រតិភូសភាពាណិជ្ជកម្មកាណាដា ដឹកនាំដោយលោកស្រី Yein Ngo, ប្រធានសភាពាណិជ្ជកម្មកាណាដាប្រចាំកម្ពុជា (CanCam Cambodia) កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦។

លោកស្រី Yein Ngo បានវាយតម្លៃខ្ពស់ចំពោះការគ្រប់គ្រងបរិស្ថាននៅកម្ពុជា ជាពិសេសការខិតខំប្រឹងប្រែងរបស់កម្ពុជា រៀបចំប្រទេសឱ្យមានភាពស្អាត មានភាពបៃតង និងមានបរិស្ថានល្អ។

លោក អ៊ាង សុផល្លែត បានថ្លែងគាំទ្រ និងលើកទឹកចិត្តដល់អ្នកវិនិយោគកាណាដា ក៏ដូចជាអន្តរជាតិនានា ឲ្យមកពិនិត្យលទ្ធភាពវិនិយោគផ្ទាល់ នៅកម្ពុជា ក្នុងគោលដៅជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។ លោកបន្តថា ការអនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលផ្តោតលើ «ស្អាត បៃតង ចីរភាព» ទទួលបានការគាំទ្រ ពីប្រជាពលរដ្ឋ ក្នុងនោះងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ទទួលបានការចូលរួមប្តេជ្ញាចិត្ត ពីប្រជាពលរដ្ឋចំនួនជាង១៤លាននាក់ ជាពិសេសសិស្សានុសិស្ស នៅទូទាំងប្រទេស។

ជាមួយភាពស្អាតនៅលើឆាកអន្តរជាតិ គឺកម្ពុជា បានចូលរួមយ៉ាងសកម្មក្នុងកិច្ចព្រមព្រៀងអន្តរជាតិនានា ដូចជាកិច្ចព្រមព្រៀងស្តីពីការប្រែប្រួលអាកាសធាតុ និងទទួលបានការវាយតម្លៃខ្ពស់ ពីអន្តរជាតិ លើកិច្ចខិតខំប្រឹងប្រែង ដោះស្រាយបញ្ហាបរិស្ថានសកល ដូចជាការកាត់បន្ថយការបំពុលបរិស្ថាន ការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ការស្តារព្រៃឈើ ការដាំដើមឈើ ជាច្រើនលានដើមក្នុងមួយឆ្នាំ ដើម្បីបង្កើនគម្របព្រៃឈើ និងសម្រេចគោលដៅកម្ពុជាជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។

ជាមួយការដាក់ចេញគោលនយោបាយដាំដើមឈើ ក្រសួងបរិស្ថានក៏បានចូលរួមធ្វើការអភិវឌ្ឍសហគមន៍មូលដ្ឋាន បង្កើនការចូលរួម បង្កើនជីវភាពតាមរយៈការអភិវឌ្ឍគោលដៅលម្ហែបៃតង និងការសហការជាមួយអ្នកពាក់ព័ន្ធ អ្នកស្រឡាញ់បរិស្ថាន ក៏ដូចជាសកម្មជនបរិស្ថាន ក្នុងការចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងការពង្រឹងការអនុវត្តច្បាប់ ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ប្រឆាំងនឹងបទល្មើសព្រៃឈើ៕