ភ្នំពេញ៖ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានដឹកនាំសិល្បករ-សិល្បការិនីជាច្រើនរូប ចូលរួមអបអរសាទរពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់រោងចក្រផលិតអាហារ និងភេសជ្ជៈ របស់ក្រុមហ៊ុន ជីប ម៉ុង ដែលមានទុនវិនិយោគប្រមាណ ២៥០លានដុល្លារអាមេរិក ស្ថិតនៅភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ពិធីនេះបានប្រព្រឹត្តទៅនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ ក្រោមអធិបតីភាព សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល, អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងតំណាងវិស័យឯកជនជាច្រើនរូប។
ការចូលរួមរបស់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង និងសិល្បករ-សិល្បការិនី នៃសមាគមសិល្បករខ្មែរ ដើម្បីអបអរសាទរការវិនិយោគរោងចក្រថ្មីរបស់ក្រុមហ៊ុន ជីប ម៉ុង ក្នុងនាមជាក្រុមហ៊ុន ដែលបានឧបត្ថម្ភទ្រទ្រង់ធំមួយដល់សមាគមសិល្បករខ្មែរជាប្រចាំឆ្នាំរយៈពេល ១០ឆ្នាំ។
សូមជម្រាបថា ក្រុមហ៊ុន ជីប ម៉ុង បានបោះទុនវិនិយោគប្រមាណ ២៥០ លានដុល្លារអាមេរិក លើការសាងសង់រោងចក្រផលិតអាហារ និងភេសជ្ជៈដ៏ទំនើប ដែលរួមមានផលិតផលទឹកដោះគោ មី និងតែ ដោយសហការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោកមកពីប្រទេសអាល្លឺម៉ង់ និងបារាំង។
រោងចក្រថ្មីនេះ គឺជាការវិនិយោគរយៈពេលវែងរបស់ក្រុមហ៊ុន ជីប ម៉ុង ក្នុងគោលបំណងពង្រឹងសមត្ថភាពផលិតក្នុងស្រុក បង្កើនតម្លៃបន្ថែមលើវត្ថុធាតុដើមកម្ពុជា និងរួមចំណែកជំរុញការអភិវឌ្ឍវិស័យផលិតកម្ម ដែលជាមូលដ្ឋានសំខាន់សម្រាប់ការកសាងសេដ្ឋកិច្ចជាតិប្រកបដោយភាពរឹងមាំ និងចីរភាព៕










