លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ដឹកនាំសិល្បករ-សិល្បការិនី ចូលរួមអបអរសាទរពិធីបើកការដ្ឋាន​សាងសង់រោងចក្រផលិតអាហារ និងភេសជ្ជៈ របស់ក្រុមហ៊ុន ជីប ម៉ុង

ជុំវិញ​ឧកញ៉ា

ភ្នំពេញ៖ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានដឹកនាំសិល្បករ-សិល្បការិនីជាច្រើនរូប ចូលរួមអបអរសាទរពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់រោងចក្រផលិតអាហារ និងភេសជ្ជៈ របស់ក្រុមហ៊ុន ជីប ម៉ុង ដែលមានទុនវិនិយោគប្រមាណ ២៥០លានដុល្លារអាមេរិក ស្ថិតនៅភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីនេះបានប្រព្រឹត្តទៅនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ ក្រោមអធិបតីភាព សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល, អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងតំណាងវិស័យឯកជនជាច្រើនរូប។

ការចូលរួមរបស់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង និងសិល្បករ-សិល្បការិនី នៃសមាគមសិល្បករខ្មែរ ដើម្បីអបអរសាទរការវិនិយោគរោងចក្រថ្មីរបស់ក្រុមហ៊ុន ជីប ម៉ុង ក្នុងនាមជាក្រុមហ៊ុន ដែលបានឧបត្ថម្ភទ្រទ្រង់ធំ​មួយ​ដល់​សមាគមសិល្បករខ្មែរជាប្រចាំឆ្នាំរយៈពេល ១០ឆ្នាំ។

សូមជម្រាបថា ក្រុមហ៊ុន ជីប ម៉ុង បានបោះទុនវិនិយោគប្រមាណ ២៥០ លានដុល្លារអាមេរិក លើការសាងសង់​រោងចក្រ​ផលិតអាហារ និងភេសជ្ជៈដ៏ទំនើប ដែលរួមមានផលិតផលទឹកដោះគោ មី និងតែ ដោយសហការជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យាលំដាប់ពិភពលោកមកពីប្រទេសអាល្លឺម៉ង់ និងបារាំង។

រោងចក្រថ្មីនេះ គឺជាការវិនិយោគរយៈពេលវែងរបស់ក្រុមហ៊ុន ជីប ម៉ុង ក្នុងគោលបំណងពង្រឹងសមត្ថភាពផលិត​ក្នុងស្រុក បង្កើនតម្លៃបន្ថែមលើវត្ថុធាតុដើមកម្ពុជា និងរួមចំណែកជំរុញការអភិវឌ្ឍវិស័យផលិតកម្ម ដែលជាមូលដ្ឋាន​សំខាន់​សម្រាប់ការកសាងសេដ្ឋកិច្ចជាតិប្រកបដោយភាពរឹងមាំ និងចីរភាព៕