សភាឥណ្ឌាបានទាមទារឲ្យលោក Mark Zuckerberg ចេញមុខសុំទោសបន្ទាប់ពីបណ្តាញសង្គម Facebook បានលុបវីដេអូរបស់លោកនាយករដ្ឋមន្ត្រី Narendra Modi ចេញជាបណ្តោះអាសន្នអស់រយៈពេលពីរ បីម៉ោង កាលពីចុងខែមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានRT។

យ៉ាងណាមិញ ជុំវិញភាពចម្រូងចម្រាសនេះ បានកើតឡើងនៅថ្ងៃទី២៨ ខែកក្កដា នៅពេលដែលវីដេអូរបស់នាយករដ្ឋមន្ត្រី លោក Modi កំពុងថ្លែងផ្ញើសារទៅកាន់យុវជនឥណ្ឌា ដែលបានបង្ហោះនៅលើបណ្តាញសង្គម Facebook ប្រាំថ្ងៃមុន ស្រាប់តែបាត់ទៅវិញ។ អ្នកប្រើប្រាស់ដែលព្យាយាមចូលមើលវាត្រូវបានគេជូនដំណឹងថាខ្លឹមសារនេះត្រូវបានដាក់កម្រិតនៅក្នុងប្រទេសឥណ្ឌា ដោយសារតែតម្រូវការផ្នែកច្បាប់។
គួរឲ្យដឹងថាវីដេអូនោះ មានគោលបំណងដើម្បីបន្ធូរបន្ថយមតិសាធារណៈនៅក្នុងប្រទេសឥណ្ឌា ចំពេលមានរឿងអាស្រូវនៃការលេចធ្លាយវិញ្ញាសារប្រឡងថ្នាក់ជាតិ។ លោក Modi បានសន្យាថានឹងរឹតបន្តឹងវិធានការសន្តិសុខប្រឡង និងធ្វើឱ្យអ្នកដែលទទួលខុសត្រូវ ត្រូវទទួលខុស ហើយបានប្រកាសថាលោកបានដឹកនាំការអភិវឌ្ឍគម្រោង “តុលាការរហ័ស” មួយ ដើម្បីដោះស្រាយបុគ្គលដែលរំលោភបំពានលើច្បាប់។
ប៉ុន្តែ នៅត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីវីដេអូនោះបានចេញផ្សាយ ស្រាប់តែបានបាត់ចេញ ហើយក្រោយមក Meta បានស្ដារវាឡើងវិញ ហើយបានពន្យល់ថាវាជាកំហុសបច្ចេកទេស។ តែទោះជាយ៉ាងណាក៏ដោយ ក្រសួងអេឡិចត្រូនិច និងបច្ចេកវិទ្យាព័ត៌មានឥណ្ឌានៅតែទាមទារការពន្យល់ជាលាយលក្ខណ៍អក្សរពី Meta និងស្នើឲ្យមានការចេញមុខសុំទោសពីសំណាក់នាយកប្រតិបត្តិ លោក Mark Zuckerberg ផងដែរ។
ជម្រាបជូនថា នេះមិនមែនជាលើកទីមួយទេដែល Meta ជាប់ពាក់ព័ន្ធនឹងភាពចម្រូងចម្រាសជាមួយរដ្ឋាភិបាលឥណ្ឌា។ កន្លងមក លោក Mark ក៏ធ្លាប់បានចេញមុខសុំទោសផងដែរ ពាក់ព័ន្ធនឹងការបោះឆ្នោតឆ្នាំ២០២៤ នៅក្នុងប្រទេសឥណ្ឌា។ បច្ចុប្បន្ន ឥណ្ឌាគឺជាទីផ្សារធំបំផុតរបស់ Meta ដែលមានអ្នកប្រើប្រាស់ Facebook ជាង ៣៦២ លាននាក់ អ្នកប្រើប្រាស់ Instagram ៥០១ លាននាក់ និងអ្នកប្រើប្រាស់ WhatsApp ៨៣៧ លាននាក់៕

