សម្តេចធិបតី ប្រាប់ទៅគ្រឹះស្ថានឧត្តមសិក្សាទាំងអស់ កុំទម្លាក់គុណភាពអប់រំ ដើម្បីប្រកួតប្រជែងគ្នា

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រាប់ទៅសាលា និងគ្រឹះស្ថានឧត្តមសិក្សាទាំងអស់ កុំទម្លាក់គុណភាពអប់រំ ដើម្បីប្រកួតប្រជែងគ្នា ឬដើម្បីតែបានសញ្ញាប័ត្រសិស្ស។សម្តេចធិបតី ថ្លែងដូច្នេះ កាលព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦នេះ ក្នុងពេលដែលសម្តេចធិបតីបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់​​ក្នុងពិធី​ប្រគល់សញ្ញាបត្រ​ជូននិស្សិត​ជ័យលាភី និង​សម្ពោធ​​អគារ​សិក្សា​​នៃសាកលវិទ្យាល័យភូមិន្ទ​នីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា និស្សិតជ័យ​លាភីទាំងអស់ នឹងខិតខំពុះពារជម្នះរាល់ឧបសគ្គទាំងឡាយ ដើម្បីកសាងខ្លួនឱ្យកាន់តែស័ក្តិ​សមជា​ពលរដ្ឋល្អ មន្ត្រីរាជការល្អ បុគ្គលិកល្អ ដោយប្រើជំនាញ ចំណេះដឹង និង ចំណេះធ្វើពិតប្រាកដ​របស់​ខ្លួន ប្រកបដោយមនសិការវិជ្ជាជីវៈ ការទទួលខុសត្រូវក្នុងការងារ សីលធម៌ល្អ និងដាក់ខ្លួនបម្រើ​ប្រជា​ជនដោយស្មោះសរ និងដោយឥតងាករ ដើម្បីបុព្វហេតុជាតិមាតុភូមិ។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការសិក្សារៀនសូត្រមិនត្រូវផ្តោតត្រឹមពិន្ទុ និងចំណេះនោះទេ តែត្រូវផ្តោតលើឥរិយាបថក្នុងការទទួលខុសត្រូវ និងប្រឹងប្រែងឱ្យអស់លទ្ធភាពចំពោះការងារដែលទទួលបាន។សម្តេចធិបតី បានថ្លែងថា សញ្ញាបត្រ និងកម្រិតពិន្ទុ មិនមែនជាកត្តាកំណត់​ភាពជោគជ័យសម្រាប់ការងារ និងជីវិតនោះទេ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានក្រើនរំលឹកដល់គ្រឹះស្ថានអប់រំ កុំទម្លាក់គុណភាព ដើម្បីប្រកួតប្រជែងគ្នា ជាពិសេសអត់រៀន ក៏បានសញ្ញាបត្រ ខណៈសម្តេចក៏ បានថ្លែងថា មជ្ឈដ្ឋានការងារដែលល្អប្រសើរត្រូវការគុណភាពអបរំ បំណិន និងឥរិយាបថល្អ ទើបអាចសម្រេចបានជោគជ័យ។

ជាថ្មីម្តងទៀត សម្ដេចធិបតី នាយករដ្ឋមន្រ្តី បញ្ជាក់ថា ការរៀបចំគោលគំនិត បទបញ្ជាផ្ទៃក្នុងរបស់សាលានេះ ក៏ជារឿងសំខាន់ណាស់ដែរ សម្រាប់អប់រំមនុស្សដែលយើងរស់រាល់ថ្ងៃ៕អត្ថបទ៖ហ្សាលីន