រដ្ឋគ្រោងចំណាយថវិកាប្រមាណ ៦លានដុល្លារ សម្រាប់រៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦នេះ

សង្គម​ និង​សេដ្ឋកិច្ច

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ១០ សីហា ២០២៦ នេះ មានបេក្ខជនចុះឈ្មោះប្រឡងសរុបជាង១៥ម៉ឺននាក់។ ក្នុងនោះ រដ្ឋក៏គ្រោងចំណាយថវិកាប្រមាណ ៦លានដុល្លារសហរដ្ឋអាមេរិក សម្រាប់រៀបចំការប្រឡងនេះផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សន្និសីទសារព័ត៌មាន ស្តីពី «ដំណើរការរៀបចំប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦» កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ ឧបនាយករដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន បានបញ្ជាក់ថា ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦ នឹងប្រព្រឹត្តទៅដោយឈរលើគោលការណ៍ ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ពោលគឺ «អ្នកចេះ គឺជាប់»។

ឧបនាយករដ្ឋមន្ដ្រី ក៏សូមអំពាវនាវដល់បេក្ខជនទាំងអស់ គោរពបទប្បញ្ញត្តិនៃការប្រឡង ឱ្យបានម៉ឺងម៉ាត់ ជាពិសេស មិនត្រូវលាក់ទុកជាប់នឹងខ្លួន នូវទូរស័ព្ទដៃ នាឡិកាឆ្លាតវៃ វ៉ែនតាឆ្លាតវៃ ឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ ឬសំណៅឯកសារផ្សេងៗ ចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។

សូមជម្រាបថា ការប្រឡងបាក់ឌុប ឆ្នាំ២០២៦នេះ មានបេក្ខជនចុះឈ្មោះ ប្រឡងសរុប ១៥១ ២៣៨ នាក់ (ស្រី ៨៤ ៧៣៥ នាក់) ក្នុងនោះ៖ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៣៧ ៤៤៥ នាក់ (ស្រី ២២ ១៩៣ នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១១៣ ៧៩៣ នាក់ (ស្រី ៦២ ៥៤២ នាក់)។

មណ្ឌលសំណេរ មានចំនួនសរុប២៤៤មណ្ឌល ស្មើនឹង ៦ ១០៤ បន្ទប់ ក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រ មាន ៦៨ មណ្ឌល ស្មើនឹង ១ ៥២៦ បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម មាន ១៧៦ មណ្ឌល ស្មើនឹង ៤ ៥៧៨ បន្ទប់។ ចំណែកឯ មណ្ឌលកំណែ មានចំនួន១០មណ្ឌល ស្ថិតនៅរាជធានីភ្នំពេញ៕