(ភ្នំពេញ)៖ អ្នកស្នេហាកីឡាគុនខ្មែរត្រៀមរំជួលចិត្តសាជាថ្មី ខណៈភេសជ្ជៈប៉ូវកម្លាំង វើក របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានរៀបចំសន្និសីទសារព័ត៌មាន ដើម្បីប្រកាសសមាសភាពកីឡាករ និងចាប់ឆ្នោតបែងចែកពូល A និង B សម្រាប់ការប្រកួត «WURKZ IPCC KICKBOXING CHAMPIONSHIP» ប្រភេទទម្ងន់ ៥៧ គីឡូក្រាម ដែលនឹងចាប់ផ្តើមប្រកួតចាប់ពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ នេះដើម្បីស្វែងរកម្ចាស់ខ្សែក្រវាត់ជើងឯក WURKZ IPCC ព្រមទាំងទទួលបានប្រាក់រង្វាន់សរុបរហូតដល់ ១ ម៉ឺនដុល្លារអាម៉េរិក។

បន្ទាប់ពីឆ្លងកាត់ការជម្រុះយ៉ាងស្វិតស្វាញប្រចាំសប្តាហ៍អស់រយៈពេល ៨ សប្តាហ៍កន្លងមក បេក្ខភាពកីឡាករឆ្នើមៗចំនួន ៨ រូប បានឈានទៅកាន់វគ្គដណ្តើមខ្សែក្រវាត់ រួមមាន៖ កីឡាករ គឿម សុវណ្ណឃីម, គង់ ហូវ, ពេជ្រ សុខា, វិគី ណងសាវ, លាភ រដ្ឋា, ពេជ្រ សុភ័ក្រ, ឡូញ វណ្ណឌី និង បឺត ថ្មដា។

បន្ថែមពីលើនេះ ភេសជ្ជៈប៉ូវកម្លាំង វើក ក៏បានប្រកាសការប្រកួតមិត្តភាពអន្តរជាតិ «លេខកូដមរណៈ 8:8» ដែលជាការប្រកួតពិសេសនឹងនាំយកកីឡាករគុនខ្មែរឆ្នើមចំនួន ៨ រូប តំណាងឱ្យ ៨ ក្លឹបផ្សេងៗគ្នា មកជួបជុំគ្នានៅលើសង្វៀនតែមួយ ដើម្បីតតាំងជាមួយកីឡាករបរទេសលំដាប់អន្តរជាតិចំនួន ៨ រូប នៅលើសង្វៀន វើក នៅថ្ងៃទី ៨ ខែសីហានេះ។

អ្វីដែលធ្វើអោយ សង្វៀន «លេខកូដមរណៈ 8:8» កាន់តែកក្រើកគឺមាន ជំនួបសងសឹក រវាងកីឡាករកម្ពុជា រិគី សេងថង និង កីឡាករ រុស្សី លីយ៉ាសេនកូ ដែលបានត្រឡប់មកជួបគ្នាសាជាថ្មី ក្នុងការប្រកួតសងសឹក ដើម្បីដណ្ដើមខ្សែក្រវាត់។ ជាលិទ្ធផលបន្ទាប់ពីការប្រកួតយ៉ាងតឹងតែង កីឡាកររុស្សី លីយ៉ាសេនកូ បានយកជ័យជម្នះលើកីឡាករកម្ពុជា ព្រមទាំងបានក្លាយជាម្ចាស់ខ្សែក្រវាត់។

ភេសជ្ជៈប៉ូវកម្លាំង វើក និង ខ្មែរ ប៊ែវើរីជីស នៅតែបន្តដើរតួនាទីយ៉ាងសកម្មក្នុងការបណ្តុះបណ្តាល និងបង្កើតឱកាសជូនកីឡាករខ្មែរបានឡើងប្រកួតលើសង្វៀន បង្កើនបទពិសោធន៍ និងពង្រឹងសមត្ថភាពខ្លួនជាបន្តបន្ទាប់។ ការគាំទ្រដ៏ធំធេង និងមុតមាំនេះ គីជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការជួយជ្រោមជ្រែង និងជំរុញឱ្យវិស័យគុនខ្មែរទាំងមូល ឈានទៅកាន់ការប្រកួតកម្រិតពិភពលោកនិងមានឈ្មោះបោះសំឡេងកាន់តែល្បីល្បាញនៅលើឆាកអន្តរជាតិ។
វើក ជួយគុនខ្មែរច្រើនជាងគេ និងដំបូងគេបង្អស់




