វើក ប្រកាសសមាសភាពជើងខ្លាំង ៨ រូប ដណ្តើមខ្សែក្រវាត់ WURKZ IPCC ១ ម៉ឺនដុល្លារ

សង្គម​ និង​សេដ្ឋកិច្ច

(ភ្នំពេញ)៖ អ្នកស្នេហាកីឡាគុនខ្មែរត្រៀមរំជួលចិត្តសាជាថ្មី ខណៈភេសជ្ជៈប៉ូវកម្លាំង វើក របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានរៀបចំសន្និសីទសារព័ត៌មាន ដើម្បីប្រកាសសមាសភាពកីឡាករ និងចាប់ឆ្នោតបែងចែកពូល A និង B សម្រាប់ការប្រកួត «WURKZ IPCC KICKBOXING CHAMPIONSHIP» ប្រភេទទម្ងន់ ៥៧ គីឡូក្រាម ដែលនឹងចាប់ផ្តើមប្រកួតចាប់ពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ នេះដើម្បីស្វែងរកម្ចាស់ខ្សែក្រវាត់ជើងឯក WURKZ IPCC ព្រមទាំងទទួលបានប្រាក់រង្វាន់សរុបរហូតដល់ ១ ម៉ឺនដុល្លារអាម៉េរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បន្ទាប់ពីឆ្លងកាត់ការជម្រុះយ៉ាងស្វិតស្វាញប្រចាំសប្តាហ៍អស់រយៈពេល ៨ សប្តាហ៍កន្លងមក បេក្ខភាពកីឡាករឆ្នើមៗចំនួន ៨ រូប បានឈានទៅកាន់វគ្គដណ្តើមខ្សែក្រវាត់ រួមមាន៖ កីឡាករ គឿម សុវណ្ណឃីម, គង់ ហូវ, ពេជ្រ សុខា, វិគី ណងសាវ, លាភ រដ្ឋា, ពេជ្រ សុភ័ក្រ, ឡូញ វណ្ណឌី និង បឺត ថ្មដា។

បន្ថែមពីលើនេះ ភេសជ្ជៈប៉ូវកម្លាំង វើក ក៏បានប្រកាសការប្រកួតមិត្តភាពអន្តរជាតិ «លេខកូដមរណៈ 8:8» ដែលជាការប្រកួតពិសេសនឹងនាំយកកីឡាករគុនខ្មែរឆ្នើមចំនួន ៨ រូប តំណាងឱ្យ ៨ ក្លឹបផ្សេងៗគ្នា មកជួបជុំគ្នានៅលើសង្វៀនតែមួយ ដើម្បីតតាំងជាមួយកីឡាករបរទេសលំដាប់អន្តរជាតិចំនួន ៨ រូប នៅលើសង្វៀន វើក នៅថ្ងៃទី ៨ ខែសីហានេះ។

អ្វីដែលធ្វើអោយ សង្វៀន «លេខកូដមរណៈ 8:8»  កាន់តែកក្រើកគឺមាន ជំនួបសងសឹក រវាងកីឡាករកម្ពុជា រិគី សេងថង និង កីឡាករ រុស្សី លីយ៉ាសេនកូ ដែលបានត្រឡប់មកជួបគ្នាសាជាថ្មី ក្នុងការប្រកួតសងសឹក ដើម្បីដណ្ដើមខ្សែក្រវាត់។ ជាលិទ្ធផល​បន្ទាប់ពីការប្រកួតយ៉ាងតឹងតែង កីឡាកររុស្សី លីយ៉ាសេនកូ បានយកជ័យជម្នះលើកីឡាករកម្ពុជា ព្រមទាំងបានក្លាយជាម្ចាស់ខ្សែក្រវាត់។

ភេសជ្ជៈប៉ូវកម្លាំង វើក និង ខ្មែរ ប៊ែវើរីជីស នៅតែបន្តដើរតួនាទីយ៉ាងសកម្មក្នុងការបណ្តុះបណ្តាល និងបង្កើតឱកាសជូនកីឡាករខ្មែរបានឡើងប្រកួតលើសង្វៀន បង្កើនបទពិសោធន៍ និងពង្រឹងសមត្ថភាពខ្លួនជាបន្តបន្ទាប់។ ការគាំទ្រដ៏ធំធេង និងមុតមាំនេះ គីជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការជួយជ្រោមជ្រែង និងជំរុញឱ្យវិស័យគុនខ្មែរទាំងមូល ឈានទៅកាន់ការប្រកួតកម្រិតពិភពលោកនិងមានឈ្មោះបោះសំឡេងកាន់តែល្បីល្បាញនៅលើឆាកអន្តរជាតិ។
វើក ជួយគុនខ្មែរច្រើនជាងគេ និងដំបូងគេបង្អស់