ទឹកប្រាក់ចំនួន ៩០០លានដុល្លារ ដែល Alphabet ដែលជាក្រុមហ៊ុនមេរបស់ Google បានវិនិយោគនៅក្នុងក្រុមហ៊ុន SpaceX កាលពីជាង ១០ឆ្នាំមុន ឥឡូវនេះវាមានតម្លៃកើនឡើងរហូតដល់ជាង ៩០ពាន់លានដុល្លារឯណោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

កាលពីពេលថ្មីៗនេះក្រុមហ៊ុន Alphabet បានប្រកាសថា គិតត្រឹមចុងខែមិថុនា តម្លៃភាគហ៊ុន SpaceX របស់ខ្លួនមានចំនួនរហូតដល់ ៩៤ពាន់លានដុល្លារ។ ត្រលប់ទៅក្នុងឆ្នាំ២០១៥ វិញ ពួកគេបានវិនិយោគជាមួយចំនួនទឹកប្រាក់ប្រមាណ ៩០០លានដុល្លារនៅក្នុងក្រុមហ៊ុនអវកាសរបស់មហាសេដ្ឋី Elon Musk មួយនេះ។ ដូច្នេះ ក្នុងរយៈពេលជាង ១០ឆ្នាំប៉ុណ្ណោះ តម្លៃនៃការវិនិយោគនេះបានកើនឡើងដល់ ១០០ ដង។
យោងតាមការវិភាគរបស់ Reuters ក្រុមហ៊ុន Alphabet បច្ចុប្បន្នគឺជាអ្នកវិនិយោគស្ថាប័នធំជាងគេរបស់ SpaceX។ ថ្មីៗនេះ វិនិយោគិនសំខាន់ៗជាច្រើនទៀតក៏បានប្រកាសពីការកើនឡើងនៃតម្លៃភាគហ៊ុនរបស់ពួកគេផងដែរ។ ក្នុងនោះ Fidelity Investments មានភាគហ៊ុនចំនួនជាង ៣០០ លានហ៊ុន ដែលធ្វើបានធ្វើឲ្យពួកគេក្លាយជាវិនិយោគិនធំទីពីររបស់ SpaceX។
គួរជម្រាបជូនផងដែរថា ជុំវិញការកើនឡើងនេះ បានកើតឡើងបន្ទាប់ពីក្រុមហ៊ុន SpaceX បានប្រកាសលក់ IPO ជាដំបូង នៅឆ្នាំនេះ ដែលបានធ្វើឲ្យភាគហ៊ុនមានការហក់ឡើងយ៉ាងខ្លាំង និងថែមទាំងបានធ្វើឲ្យលោក Musk ដែលជាស្ថាបនិកក្រុមហ៊ុន ឡើងតំណែងជាមហាសេដ្ឋីលុយទ្រីលានដុល្លារដំបូងគេរបស់ពិភពលោក កាលពីពេលកន្លងទៅផងដែរ៕

