ឥណ្ឌា នៅតែបន្តទិញចូលប្រេងរបស់រុស្ស៊ីដល់កម្រិតខ្ពស់បំផុត ក្នុងខែកក្កដា

អន្តរជាតិ

យោងតាមទិន្នន័យ​ពី​ប្រភព​ពាណិជ្ជកម្ម​ បាន​បង្ហាញ​ថា ការពឹងផ្អែក​របស់​ឥណ្ឌា​លើ​ប្រេងឆៅ​របស់​រុស្ស៊ី​ បាន​កើនឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ក្នុង​ខែកក្កដា ដោយ​ការដឹកជញ្ជូន​ពី​ប្រទេស​នេះ​មាន​ចំនួន ៥០,៨៣% នៃ​ការនាំចូល​សរុប ឬស្មើប្រមាណ ២,៤៧ លានបារ៉ែលក្នុងមួយថ្ងៃ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទិន្នន័យ​បាន​បង្ហាញខាងលើបានបង្ហាញទៀត​ថា ការនាំចូល​ប្រេង​របស់​ឥណ្ឌា​ក្នុង​ខែកក្កដា ​បាន​កើនឡើង ៦២,៤% បើធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ប៉ុន្តែ​បានធ្លាក់ចុះ ៤,៨% ពី​តួលេខ​នាំចូលបំបែកកំណត់ត្រាក្នុង​ខែមិថុនា​ ដែលមានចំនួន ២,៦ លាន​បារ៉ែល​ក្នុង​មួយថ្ងៃ។

គួរឲ្យដឹងថា ក្នុង​ខែមករា ក្រុមហ៊ុន​ចម្រាញ់​ប្រេង​របស់​ឥណ្ឌា​ បាន​ចាប់ផ្តើម​កាត់បន្ថយ​ការនាំចូល​ប្រេង​របស់​រុស្ស៊ី​ដើម្បី​ជៀសវាងការទទួលរង​ពន្ធ​ខ្ពស់​របស់​សហរដ្ឋអាមេរិក ខណៈ​ពេលដែល​ទីក្រុង​ញូវដេលី​កំពុង​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ទីក្រុង​វ៉ាស៊ីនតោន។

តែទោះជាយ៉ាងណាក៏ដោយ ការរំខាន​ដល់​ការផ្គត់ផ្គង់​នៅ​មជ្ឈិមបូព៌ា​ដែល​បង្កឡើង​ដោយ​សង្គ្រាម​អ៊ីរ៉ង់​បាន​បង្ខំ​ឱ្យ​ក្រុមហ៊ុន​ចម្រាញ់​ប្រេង​របស់​ឥណ្ឌា​ បន្ត​ទិញ​ប្រេង​របស់​រុស្ស៊ីឡើងវិញ។

មិនតែប៉ុណ្ណោះ យោងទិន្នន័យបានបង្ហាញទៀតថា ចំណែកនៃការនាំចូលប្រេងឆៅពីរុស្ស៊ីរបស់ឥណ្ឌា បានកើនឡើងដល់កម្រិតខ្ពស់បំផុត ៤៣,២៥% ក្នុងរយៈពេលបួនខែដំបូងនៃឆ្នាំហិរញ្ញវត្ថុដែលបានចាប់ផ្តើមនៅក្នុងខែមេសា ដែលមានមធ្យមជាង ២ លានបារ៉ែលក្នុងមួយថ្ងៃ ពោលគឺបានកើនឡើងពីប្រហែល ៣៧% កាលពីមួយឆ្នាំមុន៕​