ក្រុមហ៊ុនមហាសេដ្ឋីមានដាច់គេរបស់ហុងកុង កំពុងទាមទារសំណង ១,៥ពាន់លានដុល្លារពីប្រទេសប៉ាណាម៉ា ជុំវិញការទិញយកកំពង់ផែ

អន្តរជាតិ

ក្រុមហ៊ុន CK Hutchison Holdings ដែលគ្រប់គ្រងដោយក្រុមគ្រួសាររបស់មហាសេដ្ឋីមានដាច់គេនៅហុងកុង លោក Li Ka-shing បានចាប់ផ្តើមដំណើរការជួលអ្នកផ្លូវច្បាប់ ដើម្បីប្រឆាំងនឹងប្រទេសប៉ាណាម៉ា ដោយទាមទារសំណងជាង ១១,៧ពាន់លានដុល្លារហុងកុង (១,៥ពាន់លានដុល្លារអាមេរិក) ជុំវិញការទិញយកកំពង់ផែយុទ្ធសាស្ត្រចំនួនពីររបស់រដ្ឋាភិបាល។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន CK Hutchison បាននិយាយកាលពីថ្ងៃទី២០ ខែសីហាថា ប្រទេសប៉ាណាម៉ា បានរំលោភលើសន្ធិសញ្ញាការពារការវិនិយោគ បន្ទាប់ពីមានវិធានការជាបន្តបន្ទាប់ក្នុងរយៈពេលពីរឆ្នាំកន្លងមក ដែលឈានដល់ការបំផ្លាញកិច្ចសន្យាសម្បទានសម្រាប់កំពង់ផែ Balboa និង Cristobal នៅក្នុងព្រែកជីកប៉ាណាម៉ា។

យ៉ាងណាមិញ ជុំវិញការតវ៉ានេះ បានកើតឡើង បន្ទាប់ពីតុលាការកំពូលរបស់ប្រទេសប៉ាណាម៉ា បានសម្រេចកាលពីខែមករាថា សម្បទានរបស់ Panama (PPC) ដែលជាបុត្រសម្ព័ន្ធរបស់ CK Hutchison ដើម្បីដំណើរការកំពង់ផែទាំងពីរនោះ គឺផ្ទុយនឹងរដ្ឋធម្មនុញ្ញ ហើយតម្រូវឲ្យមានការលុបចោលកិច្ចសន្យា។ រដ្ឋាភិបាល បានគ្រប់គ្រងកំពង់ផែទាំងនោះ នៅថ្ងៃទី២៣ ខែកុម្ភៈ។

គួរឲ្យដឹងថាជម្លោះផលប្រយោជន៍នេះ បានកើតឡើងបន្ទាប់ពីការប៉ុនប៉ងរបស់ CK Hutchison កាលពីឆ្នាំមុន ដើម្បីលក់កំពង់ផែចំនួន ៤៣ នៅក្នុងប្រទេសចំនួន ២៣ ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃរហូតដល់ ២២,៨ពាន់លានដុល្លារអាមេរិក ដែលបង្កឱ្យមានការប្រឈមមុខដាក់គ្នាខាងភូមិសាស្ត្រនយោបាយរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង លើការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មនៅជុំវិញពិភពលោក។

ជម្រាបជូនថា យោងតាមលោកស្រី Sandra Marco Colino សាស្ត្រាចារ្យរងនៅសាលាច្បាប់នៃសាកលវិទ្យាល័យចិននៃទីក្រុងហុងកុង បាននិយាយថា ការទាមទារចុងក្រោយរបស់ CK Hutchison នេះ គឺជាការទាមទារដោះស្រាយជម្លោះរវាងវិនិយោគិន និងរដ្ឋ ដោយផ្អែកលើច្បាប់អន្តរជាតិសាធារណៈ​ ជាសំខាន់៕​