ក្រុម AOT ចុះសង្កេតការណ៍ និងផ្ទៀងផ្ទាត់ការរំលោភបំពានរបស់យោធាថៃ នៅតំបន់អូរខ្លាឃ្មុំ

សង្គម​ និង​សេដ្ឋកិច្ច

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ បានឱ្យដឹងថា នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា (AOT-KH) ដឹកនាំដោយប្រធានបេសកកម្ម (AOT KH HOM) មកពីសាធារណរដ្ឋហ្វីលីពីន ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការចុះសង្កេតការណ៍នេះ ធ្វើឡើងដើម្បីត្រួតពិនិត្យលើសកម្មភាពរំលោភបំពានរបស់យោធាថៃ ដែលបានដាក់ពង្រាយទូកុងតឺន័រ រាយបន្លាលួស ជីកប្រឡាយ ធ្វើលេណដ្ឋាន និងធ្វើផ្លូវលើទឹកដីកម្ពុជា ព្រមទាំងការកាន់កាប់ដោយខុសច្បាប់នៅច្រកអូរស្មាច់ ក្នុងតំបន់អូរខ្លាឃ្មុំ ស្ថិតនៅភូមិអូរខ្លាឃ្មុំ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ សកម្មភាពអនាធិបតេយ្យនេះ បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋស៊ីវិលកម្ពុជាចំនួន ៣៦៦នាក់ ស្មើនឹង ៩៨គ្រួសារ (ស្ត្រី ១៩០នាក់ និងកុមារ ១០១នាក់) ដោយមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញបាននៅឡើយ។

បេសកកម្មផ្ទៀងផ្ទាត់របស់ក្រុម AOT នាពេលនេះ បានគូសបញ្ជាក់យ៉ាងច្បាស់ពីភាពចាំបាច់ជាដាច់ខាតក្នុងការចាប់ផ្តើមកិច្ចការវាស់វែងខណ្ឌសីមាដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ ដូចមានចែងក្នុងចំណុចទី៤ នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីធានាឱ្យប្រជាពលរដ្ឋកម្ពុជាអាចវិលត្រឡប់ទៅលំនៅដ្ឋានវិញដោយសុវត្ថិភាព កិត្តិយស និងគ្មានការរារាំង។

ក្រសួងការពារជាតិបានគូសបញ្ជាក់បន្ថែមថា កម្ពុជានៅតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) អនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងឯកសារពាក់ព័ន្ធដែលភាគីទាំងពីរបានឯកភាពគ្នា (រួមមាន MOU ឆ្នាំ២០០០ និង TOR ឆ្នាំ២០០៣)។ ជាមួយគ្នានេះ កម្ពុជាប្រកាសមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង និងការកាន់កាប់ដោយខុសច្បាប់ (fait accompli) ហើយនឹងបន្តធ្វើការតវ៉ាជាផ្លូវការទៅកាន់ភាគីថៃ ប្រឆាំងនឹងរាល់សកម្មភាពឯកតោភាគីដែលរំលោភលើបូរណភាពទឹកដីស្របច្បាប់របស់កម្ពុជា៕