(ភ្នំពេញ)៖ កីឡាឃីកបុកស៊ីងកម្ពុជាកំពុងបោះជំហានកាន់តែឆ្ងាយលើឆាកអន្តរជាតិ ខណៈកីឡាករ លន បញ្ញា និង ធន់ ម៉េងហុង នឹងតំណាងឱ្យកម្ពុជាឡើងប្រកួតក្នុងព្រឹត្តិការណ៍ K-1 WORLD MAX 2026 នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ក្រោមការឧបត្ថម្ភពីCAMBODIA SPORT+ ដោយរ៉ាប់រងចំណាយទាំងស្រុងសម្រាប់ការចូលរួមប្រកួតរបស់កីឡាករទាំងពីរ។

ការឈានទៅកាន់សង្វៀន K-1 លើកនេះ ជាសញ្ញាបង្ហាញថា សមត្ថភាព និងសក្តានុពលរបស់កីឡាករកម្ពុជាកំពុងទទួលបានការចាប់អារម្មណ៍ពីស្ថាប័នប្រដាល់អន្តរជាតិ ដែលនេះជាឱកាសដ៏សំខាន់សម្រាប់កីឡាករទាំងពីរក្នុងការបង្ហាញសមត្ថភាព ប្រឈមជាមួយកីឡាករលំដាប់អន្តរជាតិ និងបង្ហាញពីសក្តានុពលរបស់កីឡាករកម្ពុជាទៅកាន់ពិភពលោក។
ក្នុងរយៈពេលកន្លងមក CAMBODIA SPORT+ បានចូលរួមជំរុញយ៉ាងពេញទំហឹងលើវិស័យឃីកបុកស៊ីងកម្ពុជា តាមរយៈការគាំទ្រការរៀបចំការប្រកួត បង្កើតសង្វៀនក្នុងស្រុក ព្រមទាំងនាំយកគ្រូបង្វឹក និងអ្នកជំនាញអន្តរជាតិមកចែករំលែកចំណេះដឹង បច្ចេកទេស និងបទពិសោធន៍ជាមួយកីឡាករកម្ពុជា ដើម្បីជួយឱ្យពួកគេពង្រឹងសមត្ថភាព និងត្រៀមខ្លួនសម្រាប់ការប្រកួតកម្រិតអន្តរជាតិនាពេលអនាគត។
ជាមួយគ្នានេះ CAMBODIA SPORT+ នឹងបន្តផ្តល់ការគាំទ្រដល់កីឡាករកម្ពុជា ដើម្បីឱ្យពួកគេមានឱកាសបន្តអភិវឌ្ឍសមត្ថភាព និងបង្ហាញទេពកោសល្យរបស់ខ្លួននៅលើឆាកជាតិ និងអន្តរជាតិ។ ជាពិសេស CAMBODIA SPORT+ សង្ឃឹមថា កីឡាករកម្ពុជាទាំងអស់នឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ក្នុងការប្រកួតប្រជែង និងនាំយកលទ្ធផលល្អ ព្រមទាំងកិត្តិយស និងមោទនភាពជូនជាតិ និងប្រជាជនកម្ពុជា ។
CAMBODIA SPORT+ ជំរុញវិស័យប្រដាល់ឃីកបុកស៊ីងកម្ពុជាឱ្យខ្លាំងទៅឆាកអន្តរជាតិ!






