វត្តមានរបស់និស្សិតអន្តរជាតិប្រហែល ១៦៧ ០០០ នាក់បច្ចុប្បន្នបានរួមចំណែកប្រហែល ២០ពាន់លានរីងហ្គីត (៥ពាន់លានដុល្លារ) ជារៀងរាល់ឆ្នាំដល់សេដ្ឋកិច្ចម៉ាឡេស៊ីតាមរយៈថ្លៃសិក្សា ការចំណាយលើការរស់នៅ និងការចំណាយពាក់ព័ន្ធផ្សេងទៀត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

តួលេខនេះត្រូវបានលើកឡើងដោយលោក Novie Tajuddin នាយកប្រតិបត្តិនៃសេវាកម្មអប់រំសកលម៉ាឡេស៊ី (EMGS) អំឡុងពេលកម្មវិធីស្វែងយល់វប្បធម៌ម៉ាឡេស៊ីដែលបានធ្វើឡើងចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែសីហា នៅ Pantai Teluk Ketapang។
គួរឲ្យដឹងថា EMGS គឺជាអង្គការមួយស្ថិតនៅក្រោមក្រសួងអប់រំឧត្តមសិក្សារបស់ប្រទេសម៉ាឡេស៊ី ដែលទទួលខុសត្រូវក្នុងការលើកកម្ពស់ការអប់រំអន្តរជាតិ និងគាំទ្រការគ្រប់គ្រងនិស្សិតអន្តរជាតិនៅក្នុងប្រទេស។
យោងតាមលោក Novie ការសិក្សារបស់ EMGS បានរកឃើញថា និស្សិតអន្តរជាតិម្នាក់ៗចំណាយជាមធ្យមប្រហែល ១០ ០០០រីងហ្គីត ឬប្រហែលជាង ២ ៤០០ដុល្លារក្នុងមួយខែ ខណៈពេលកំពុងសិក្សា និងរស់នៅក្នុងប្រទេសម៉ាឡេស៊ី។
មិនតែប៉ុណ្ណោះ លោកក៏បានកត់សម្គាល់ទៀតថា តួនាទីរបស់និស្សិតអន្តរជាតិគឺបានចូលរួមចំណែកហួសពីសាកលវិទ្យាល័យ ដោយផ្តល់អត្ថប្រយោជន៍ដល់សហគមន៍ក្នុងស្រុក និងវិស័យសេវាកម្មនៅក្នុងតំបន់ដែលនិស្សិតរស់នៅ និងសិក្សាផងដែរ។
លើសពីនេះ លោក Novie បាននិយាយបន្ថែមថា ប្រទេសម៉ាឡេស៊ីបច្ចុប្បន្នត្រូវបានចាត់ទុកថាជាគោលដៅអប់រំឧត្តមសិក្សាកំពូលៗទាំង១៤ របស់ពិភពលោក ដែលឆ្លុះបញ្ចាំងពីជំហររីកចម្រើនរបស់ប្រទេសនៅក្នុងទីផ្សារអប់រំអន្តរជាតិ៕

