កម្ពុជា ប្តេជ្ញាជំរុញគម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ឱ្យកាន់តែប្រសើរ

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងសាធារណការ និងដឹកជញ្ជូន បានបើកកិច្ចប្រជុំ ដើម្បីពិនិត្យវឌ្ឍនភាពការងារគម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ នៅព្រះរាជាណាចក្រកម្ពុជា (Cambodia Regional Connectivity Improvement Project-CRCI) ឱ្យកាន់តែប្រសើរឡើងថែមទៀត សំដៅជំរុញសេដ្ឋកិច្ចនៅកម្ពុជា និងក្នុងតំបន់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការជំរុញនេះ​ បានធ្វើឡើងកាលថ្ងៃទីទី២ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមការដឹកនាំដោយ លោក ហេង ណន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង ដោយមានការអញ្ជើញចូលរួមពី ជានាយករងគម្រោង លោកប្រធានគ្រប់គ្រងគម្រោង សមាជិក-សមាជិកាអង្គភាពគ្រប់គ្រងគម្រោងផងដែរ។

ក្នុងឱកាសនេះ លោក ហេង ណន រដ្ឋលេខាធិការ បានថ្លែងអំណរគុណចំពោះសមាជិក សមាជិកាគម្រោង ដែលបានយកចិត្តទុក​ដាក់ ខិតខំបំពេញការងារកន្លងមក និងស្នើឱ្យផ្នែកជំនាញនីមួយៗ​ សហការបំពេញភារកិច្ចដោយស្មារតីទទួល​ខុសត្រូវខ្ពស់​ ស្របតាមផែនការកំណត់។

សូមជម្រាបដែរថា កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពការងារផ្នែកលទ្ធកម្ម ហិរញ្ញវត្ថុ សវនកម្មផ្ទៃក្នុង បរិស្ថាននិងសង្គម ដឹកជញ្ជូនលើសទម្ងន់​ និងឡូជីស្ទីក ព្រមទាំងស្វែងរកដំណោះស្រាយលើបញ្ហាប្រឈម ដើម្បីពន្លឿនការអនុវត្តការងារគម្រោងឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលាកំណត់៕ អត្ថបទ៖ហ្សាលីន